ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអអំពាវនាវទៅពលរដ្ឋឱ្យរក្សាភាពស្ងៀមស្ងាត់ និងកុំសម្រុកទៅផ្សារយ៉ាងកកកុញ ដោយលោកជំទាវបារម្ភថា ប្រជាពលរដ្ឋកាន់តែប្រឈមមុខខ្ពស់ថែមទៀតទៅនឹងការឆ្លងមេរោគកូវីដ១៩។
ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្ហាញវត្តមានយ៉ាងច្រើនកកកុញនៅតាមផ្សារនានាក្នុងទីក្រុងនៅល្ងាចនេះ បន្ទាប់ពីមានព័ត៌មានមិនទាន់ផ្លូវការថា រដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញបណ្ដោះអាសន្ននោះ។
ប្រាប់ក្រុមអ្នកសារព័ត៌មានតាមតេឡេក្រាមនៅល្ងាចនេះ លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា សភាពសម្រុកទៅផ្សារកកកុញបែបនេះ លោកជំទាវថា ជំរុញឱ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការឆ្លងមេរោគកូវីដ១៩។
លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងមិនបិទជិតឈឹងរហូតដល់ពលរដ្ឋមិនអាចរកម្ហូបអាហារទទួលទានបាននោះឡើយ ដោយថា រាជរដ្ឋាភិបាលមានការគិតគូរត្រឹមត្រូវ។
លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យទៅពលរដ្ឋឱ្យប្រកាន់យកវិធានការ ៣ការពារ និង ៣កុំ និងពាក់ម៉ាស់ លាងដៃជាមួយទឹកអាល់កុលញឹកញាប់ និងរក្សាគម្លាតពីគ្នាឱ្យបានត្រឹមត្រូវ៕