កំពង់ធំ៖ បុរសម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ទូកស្មាច់(បាឡាជ័រ) នៅជិតគល់ស្ពានស្ទឹងសែន ខណៈដែលបុរសពីរនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេឃើញបុរសបីនាក់កំពុងស្ទួចរួមគ្នានៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចំងាយប្រហែល៥០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ របាយការណ៍ដដែល បញ្ជាក់ថា បុរសទាំងបីរូបនេះ ស្ទួចត្រី បណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង ១ និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ ដែលបង់សំណាក់នៅក្បែរនោះ ក៏ប្រញាប់ទៅសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។
បុរសទាំងបីនាក់ មានឈ្មោះ៖ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន), ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន), និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។ ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែងរកផងដែរ៕



