ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញទៅក្រៅប្រទេស មានតម្លៃសរុប ១៨,៧ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ មានកំណើន ១៩,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីផ្សារអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់កម្ពុជា ដែលបាននាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ៧,៦ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤០ភាគរយ នៃតម្លៃនាំចេញសរុប។
ប្រទេសវៀតណាម ជាទីផ្សារធំបំផុតទីពីរ នាំចូលទំនិញពីកម្ពុជាមានតម្លៃសរុប ១,៦ ពាន់លានដុល្លារ។
ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២នេះ មានទឹកប្រាក់សរុប ៤៤,៥ ពាន់លានដុល្លារ មានកំណើន ១៤,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
