
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានថ្លែងថា ផលប្រយោជន៍ ដែលកម្ពុជាទទួលបានយ៉ាងធំធេងពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១នាពេលនេះគឺកិត្យានុភាពសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ខណៈកិច្ចប្រជុំកំពូលនេះ បានចុះហត្ថលេខាសម្រេចលើឯកសាររហូតដល់ចំនួន១០០ឯកសារនៅលើទឹកដីកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ានទី៤០-៤១ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានបង្ហាញភាពចាស់ទុំនៃការដឹកនាំច្រើន ដោយកិច្ចប្រជុំទាំងអស់ជាពិសេសគឺកិច្ចប្រជុំអាស៊ីបូព៌ា គឺគ្មានការជជែកតឹងសរសៃ.ក ដាក់គ្នា ខណៈសមិទ្ធផលនេះហើយជាផលប្រយោជន៍របស់កម្ពុជានោះ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន បានបញ្ជាក់បន្ថែមផងដែរថា តាមរយៈកិច្ចប្រ ជុំកំពូលនេះ កម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយជាងនេះទៅទៀតកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានការគាំទ្រ និងកោតសរសើរពីដៃគូនានា ដោយដៃគូខ្លះបានឧបត្ថម្ភសម្ភារៈបច្ចេកទេស និងថវិកា សម្រាប់កិច្ចប្រជុំនេះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា រយៈពេលមួយឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន វាពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រ សម្រាប់រូបសម្ដេចផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្ដុង្គឧត្ដម បានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ាន។ ពិសេសទៅទៀតនោះនៅក្នុងកិច្ចប្រជុំលើទឹកដីកម្ពុជានេះ អាស៊ានបានបញ្ចូលអ៊ុយក្រែន និងប្រទេសជាច្រើនទៀត ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទៀត៕ អត្ថបទ៖បាន ចក់