អាមេរិក៖ ដំណឹងដែលថា គណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងព្រឹទ្ធសភាអាមេរិក ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសប្ដាហ៍នេះ បានបង្កឲ្យមានការចោទប្រកាន់ដាក់គ្នានៅក្នុងគណបក្សសាធារណរដ្ឋ។ ក្រុមអ្នករិះគន់អតីតប្រធានាធិបតីលោក Donald Trump បានស្ដីបន្ទោសលើរូបលោកចំពោះការបង្ហាញដ៏ទន់ខ្សោយ ខណៈសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀត បានរិះគន់មេដឹកនាំព្រឹទ្ធសភារបស់ពួកគេគឺលោក Mitch McConnell។
ទន្ទឹមនឹងនេះដែរ សេតវិមានបានបង្កើតសុចនាករដ៏រឹងមាំរបស់ខ្លួនថា លោកប្រធានាធិបតី Joe Biden នឹងឈរឈ្មោះបោះឆ្នោតនៅអាណត្តិបន្ទាប់។ ចំណែកការប្រកួតប្រជែងដណ្ដើមគ្រប់គ្រងសភាអាមេរិក នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ គណបក្សសាធារណរដ្ឋនៅតែមានអាសនៈនាំមុខនៅសភា ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការនានារបស់លោកប្រធានាធិបតី Joe Biden ប៉ុន្តែសំឡេងភាគច្រើនរបស់ពួកគេទំនងជាកំពុងធ្លាក់ចុះ ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត។ កាលពីចុងសប្ដាហ៍កន្លងទៅ បណ្ដាញផ្សព្វផ្សាយនានារបស់អាមេរិកបានព្យាករណ៍ថា គណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងអាសនៈព្រឹទ្ធសភាចំនួន ២ នៅក្នុងរដ្ឋ Arizona និងរដ្ឋ Nevada ដែលធ្វើឲ្យគណបក្សនេះបន្តគ្រប់គ្រងសភាជាន់ខ្ពស់មួយនេះ។
អភិបាលរដ្ឋម៉ារីលែនមកពីគណបក្សសាធារណរដ្ឋលោក Larry Hogan ដែលជាអ្នករិះគន់ជាយូរមកហើយលើអតីតប្រធានាធិបតីរូបនេះបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា នេះគឺជាការបោះឆ្នោតលើកទី៣ ជាប់គ្នាដែលលោក Trump បានផ្ដល់លទ្ធផលឲ្យយើង។ លោកនិយាយថា យើងពិបាកនឹងទទួលបានជ័យជម្នះណាស់។ ខ្ញុំពិតជាធុញទ្រាន់នឹងភាពបរាជ័យណាស់៕
អត្ថបទ៖ សុខមាន