ស៊ីហ្គេម៖ ឯកឧត្តម ប៊ូ ជុំសេរី និងឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ដ្រីក្រោមឱវាទកាលពីចុងសប្ដាហ៍កន្លងទៅ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមជម្រើសជាតិចំនួន ១០ប្រភេទកីឡាដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា ការចុះសួរសុខទុក្ខរបស់មន្ដ្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡានេះ ស្របតាមការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីជំរុញលើកទឹកចិត្ត ក៏ដូចជាដោះស្រាយបញ្ហាប្រឈមផ្សេងៗដល់កីលាករ-កីឡាការិនី ដើម្បីធានាបាននូវការប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាពត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយ។
គួរដឹងថា បច្ចុប្បន្នមានក្រុមជម្រើសជាតិ ១០ប្រភេទកីឡាកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយក្រុមជម្រើសជាតិមួយចំនួនធំទៀត បានត្រឡប់ទៅប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក)។ ដំណាលគ្នា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC ក៏មានការបញ្ជូនប្រភេទកីឡាមួយចំនួនធំទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន និងតាមបណ្ដាប្រទេសជាមិត្តមួយចំនួន ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា