អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា កន្លែងហាត់ប្រាណ និងសួនទឹកសាធារណនានា ពេលនេះក៏ត្រូវបានហាមប្រាមផងដែរចំពោះស្ត្រីអាហ្វហ្គានីសស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីហាមពួកគេមិនឲ្យចូលទៅលេងកម្សាន្តនៅតាមឧទ្យាន និងមណ្ឌលកម្សាន្តនានា។

ស្ត្រីត្រូវបានរងការគាបសង្កត់កាន់តែខ្លាំងក្នុងការដើរហើរនៅតាមទីសាធារណៈ ចាប់តាំងពីការវិលត្រឡប់មកវិញរបស់ពួកតាលីបង់កាលពីឆ្នាំមុន ទោះបីជាក្រុមនេះបានសន្យាបន្ធូរបន្ថយច្បាប់គ្រប់គ្រងដ៏តឹងរ៉ឹង ដែលពួកគេបានអនុវត្តន៍ក្នុងពេលកាន់អំណាចដំបូង ដែលបានបញ្ចប់កាលពីឆ្នាំ២០០១ ក៏ដោយ។ បុគ្គលិកជាស្ត្រីភាគច្រើននៅក្នុងរដ្ឋាភិបាលនេះបានបាត់បង់ការងារ ឬត្រូវបានផ្ដល់ប្រាក់តិចតួចឲ្យនៅផ្ទះ ខណៈស្ត្រីក៏ត្រូវបានហាមមិនឲ្យធ្វើដំណើរចេញទៅក្រៅដោយគ្មានបងបង្អូនជាបុរសទៅជាមួយ ហើយត្រូវដណ្ដប់ស្បៃគ្របក្បាលនៅពេលចេញពីផ្ទះផងដែរ។ សាលារៀនជាច្រើនសម្រាប់សិស្សស្រីក៏ត្រូវបានបិទទូទាំងប្រទេសផងដែរ ចាប់តាំងពីការឡើងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានរបស់ក្រុមតាលីបង់កាលពីខែសីហា ឆ្នាំ២០២១៕
អត្ថបទ៖ សុខមាន