ព្រះសីហនុ៖ ខែធ្នូឆ្នាំ២០២២ខាងមុខ ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ បូករួមទាំងថ្ងៃឆ្លងឆ្នាំ ដែលជាព្រឹត្តិការណ៍អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន។ ជាការត្រៀមសម្រាប់ព្រឹត្តិការណ៍ទេសចរណ៍នេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែក ក៏ត្រៀមបន្ថែមទូដឹកអ្នកដំណើរឆ្ពោះទៅគោលដៅខេត្តព្រះសីហនុ ឱ្យគ្រប់គ្រាន់តាមតម្រូវការផងដែរ។
ព្រឹត្តិការណ៍បុណ្យសមុទ្រ នៅឆ្នាំ ២០២២នេះ នឹងប្រព្រឹត្តិទៅក្នុងខេត្ត ព្រះសីហនុ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ ២០២២។ ភ្ជាប់ជាមួយគ្នានេះ ខែធ្នូ ក៏នឹងមានការឆ្លងឆ្នាំ ២០២២ ចូលឆ្នាំ ២០២៣ផងដែរ។
សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងនេះ ក្រុមហ៊ុនរថភ្លើងរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិច្រើន ធ្វើដំណើរឆ្ពោះទៅខេត្តគោលដៅមួយនេះ។ ការរំពឹងនេះ ដោយសារបទពិសោធន៍រាល់ឆ្នាំ នៅពេលមានព្រឹត្តិការណ៍ទេសចរណ៍ដូចនេះ គឺទទួលការធ្វើដំណើរច្រើន។
ជាការត្រៀមដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ កញ្ញា សក់ វណ្ណនី ជាប្រធានគ្រប់គ្រងខ្សែអ្នកដំណើរណែនាំឱ្យប្រជាពលរដ្ឋធ្វើការកក់សំបុត្រមុន ដើម្បីក្រុមហ៊ុនរៀបចំបន្ថែមនូវទូដឹកអ្នកដំណើរ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង។ បច្ចប្បន្នការធ្វើដំណើរតាមរថភ្លើង គឺមានទូដឹកអ្នកដំណើរជារៀងរាល់ថ្ងៃ ខណៈការធ្វើដំណើរមានច្រើនកំឡុងថ្ងៃចុងសប្ដាហ៍។
តាមការបញ្ជាក់របស់ប្រធានគ្រប់គ្រងខ្សែអ្នកដំណើរ លើកឡើងថា សព្វថ្ងៃការធ្វើដំណើរសម្រាប់ គោលដៅ ព្រះសីហនុ និង បាត់ដំបង ក៏ប្រើប្រាស់ពេលវេលាតិចជាងមុនផងដែរ។
ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តិរៀបចំនៅខេត្តព្រះសីហនុ ធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។
ព្រឹត្តិការណ៍ទេសចរណ៍នេះ នឹងមានការរៀបចំការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ។ លើសពីនេះក៏មានមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិតផលទេសចរណ៍និងគោលដៅទេសចរណ៍នានា បូករួមទាំង សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ផងដែរ៕ អត្ថបទ៖គឹមហុក