ទួរគី៖ យោងតាមមន្ត្រីបានឲ្យដឹងថា នគរបាលទួរគីបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Istanbul ភាគកណ្តាល ដែលបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ៨១នាក់ផ្សេងទៀតរងរបួស។ ការបំផ្ទុះគ្រាប់បែកបានធ្វើឲ្យកក្រើកផ្លូវថ្មើរជើងដ៏មមាញឹកមួយកន្លែង នៅភាគកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។

រូបភាពវីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បង្ហាញពីការផ្ទុះបានកើតឡើងបំប៉ើងបំណែក និងកម្ទេចកម្ទីផ្សេងៗទៅលើអាកាស ហើយបណ្តាលឲ្យមនុស្សជាច្រើនដេកដួលនៅលើដី ខណៈអ្នកផ្សេងទៀតបានរត់ភៀសខ្លួន។ រថយន្តសង្គ្រោះបានប្រញាប់ប្រញាលទៅដល់កន្លែងកើតហេតុ ដើម្បីសង្គ្រោះជនរងគ្រោះ ដែលនគរបាលនៅហ៊ុមព័ទ្ធនៅទីនោះ។ តំបន់នេះស្ថិតនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសទួរគីមានមនុស្សច្រើនកកកុញ ដែលជាធម្មតាសំបូរដោយអ្នកដើរទិញឥវ៉ាន់នៅចុងសប្តាហ៍ ភ្ញៀវទេសចរ និងក្រុមគ្រួសារ។

ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយថា នេះជាការវាយប្រហារភេរវកម្មដោយមិនបាច់សង្ស័យ។ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ។ ទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងផ្សេងៗទៀតរបស់ប្រទេសទួរគី គឺជាគោលដៅនាពេលកន្លងមកដោយក្រុមផ្តាច់ខ្លួនឃឺដ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម និងក្រុមផ្សេងទៀត រួមទាំងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៥ និង ២០១៦៕
អត្ថបទ៖ ប៊ុនថន