ភ្នំពេញ៖ គ្រឿងញៀន២០០គីឡូ ត្រូវបានសមត្ថកិច្ចរកឃើញក្នុងរថយន្តតាកូម៉ាមួយគ្រឿង ដែលបានបើកបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានបញ្ចូនបន្តទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី ។
ករណីនេះ បានកើតឡើង នាវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនឈានដល់ការឆែកឆេររកឃើញគ្រឿងញៀនដំបូងឡើយ គឺមានការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទមួយគ្រឿង បានបើកបុកនឹងរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាក CRV បណ្តាលអោយរងការខូចខាតទាំង០៣គ្រឿង ។ ក្រោយបង្កហេតុរួច ម្ចាស់រថយន្តបង្កបាន រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។
ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរារណ៍ បានចុះដល់ទីតាំងខាងលើ ដើម្បី ធ្វើការអន្តរាគមន៍វាស់វែង ប៉ុន្តែដោយសារ មានការងឿងឆ្ងល់នឹងកេសឡាំងចំនួន០៦កេស ក្នុងរថយន្តជនបង្ក សមត្ថកិច្ចក៏បានឆែកឆេរទៅ ក៏ប្រទះឃើញមានសុទ្ធតែគ្រឿងញៀនតែម្តងទៅ ដោយក្នុង០៦កេសនោះ គឺមានគ្រឿងញៀន២០០ដុំ ស្មើរនឹង២០០គីឡូក្រាម ។
សូមបញ្ជាក់ថា រថយន្ត០២គ្រឿងដែលរងគ្រោះ ក្នុងករណីខាងលើនេះ ពុំបាននៅទាមទារសំណងអ្វីនោះឡើយ ពោលគឺសុំរួចខ្លួន បន្ទាប់ពីដឹងថា ភាគីរថយន្តបង្កមានដឹកសុទ្ធតែគ្រឿងញៀនរួចមក ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំចាត់ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ លីហេង




