ប្រណាំងរថយន្ត៖ កីឡាករអង់គ្លេស George Russell ទីបំផុតបានប្រជែងឈ្នះការប្រណាំង F1 ជាលើកដំបូងក្នុងអាជីពក្នុងការប្រកួតនៅលើទឹកដីប្រេស៊ីល។ កីឡាកររបស់ក្រុម Mercedes រូបនេះថែមទាំងឈ្នះការប្រកួត Sprint Race កាលពីថ្ងៃសៅរ៍ផងដែរដែលធ្វើឱ្យគេទទួលបានកៅអីជួរមុខ ក្នុងការចេញដំណើរការប្រកួតធំនៅថ្ងៃអាទិត្យម្សិលមិញ។

George Russell បានធ្វើការនាំមុខតាំងពីពេលចេញដំណើរ និងកាន់តែរក្សាការនាំមុខស្រួល បន្ទាប់ពីការប៉ះទង្គិចគ្នារវាង Lewis Hamilton និង Max Verstappen នៅជុំដំបូង។ Hamilton បានធ្លាក់ទៅដល់លេខ៩ ក្រោយការប៉ះទង្គិចនោះ តែនៅតែអាចបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ២ បាន។ លេខ៣ ក្នុងការប្រកួតគឺកីឡាករអេស្ប៉ាញ Carlos Sainz ខណៈលេខ៤ Charles Leclerc ទោះបីកីឡាករម៉ូណាកូរូបនេះមានការប៉ះទង្គិចជាមួយ Lando Norris ក្តី។
ចំណែកជើងឯកពិភពលោក Max Verstappen បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ ឈរពីក្រោយ Fernando Alonso។ ក្រឡេកទៅតារាងជើងឯកវិញនៅពីក្រោម Max Verstappen គឺ Charles Leclerc និង Sergio Perez កំពុងមាន ២៩០ពិន្ទុស្មើគ្នា រង់ចាំទីលានចុងក្រោយនៅអារ៉ាប់រួមចុងសប្តាហ៍នេះ ដើម្បីដឹងថានរណាជាជើងឯករង៕
អត្ថបទ៖នាង សុភាវុធ