ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំនោះ គឺបានបញ្ចប់នៅថ្ងៃម្សិលមិញនេះ។
សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗនេះ បណ្តាប្រជាពលរដ្ឋ និងភ្ញៀវបរទេស បានថ្លែងពីមោទកភាពចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចប្រជុំដំណើរការរលូន មានភាពជោគជ័យ ជាពិសេសគឺទទួលបានទទួលមេដឹកនាំកំពូលៗមកជជែកពិភាក្សាដោះស្រាយបញ្ហាសកលមានភាពផុសផុល។
ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ថ្លែងថា ក្នុងរយៈពេលមួយសប្តាហ៍នេះ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជាយើងគឺមានមមាញឹកខ្លាំងក្នុងការទទួលធ្វើបដិសណ្ឋារកិច្ច ទទួលមេដឹកនាំកំពូលៗបណ្តាប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងកិច្ចប្រជុំពាក់ព័ន្ធនានា ហើយតាមរយៈកិច្ចប្រជុំកំពូលនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ជាពិសេសការជម្រុញកំណើនសេដ្ឋកិច្ចអាស៊ានផង និងកម្ពុជា និងជម្រុញកំណើនទេសចរជាតិអន្តរជាតិ ធុរជនអន្តរជាតិ មកវិនិយោគនៅកម្ពុជាជាដើម។
ដោយឡែកសម្រាប់ភ្ញៀវបរទេសវិញ ក៏បានលើកឡើងដែរថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាស៊ានបូកឆ្នាំ២០២២ នៅកម្ពុជានេះ គឺកម្ពុជា ធ្វើបានល្អ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ទទួលប្រតិភូជាន់ខ្ពស់ បញ្ហាបរិស្ថាន និងការស្នាក់នៅ បានល្អប្រសើរ ហើយមេដឹកនាំបណ្តាប្រទេសបានចូលរួមកិច្ចប្រជុំពិភាក្សាយ៉ាងផុសផុល និងជាពិសេសធ្វើឲ្យស្ថានការណ៍ពិភពលោកកំពុងតានតឹងឈានមករកការធូរស្រាលវិញជាបណ្តើរៗ។
សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជា ចូលជាសមាជិកអាស៊ានមក រហូតមកដល់ពេលនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន អាស៊ានបូក និងកិច្ចប្រជុំពាក់ព័ន្ធ បានចំនួន៣ដង ហើយរាល់កិច្ចប្រជុំនោះ គឺកម្ពុជារៀបចំទទួលបានលទ្ធផលជាវិជ្ជមាន និងជោគជ័យ៕ អត្ថបទ៖ ស៊ុម សុខជា