ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសម្ដេចនឹងដាក់ វិន័យចំពោះមន្ត្រីដែលបញ្ចេញធ្វើអោយបែកធ្លាយសារជាសំឡេងរបស់សម្តេចអំពីផែនការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីល្ងាចថ្ងៃទី១៤ មេសាដែលនាំឲ្យប្រជាពលរដ្ឋមានការចលាចល នាំគ្នាទៅសំរុកទិញស្បៀងអាហារបំរុងទុកនោះ។
សម្ដេចបានបង្ហាញការសោកស្តាយជាខ្លាំងចំពោះមន្ត្រីដែលខ្វះការទទួលខុសត្រូវបែបនេះ ហើយសម្ដេចថានឹងដាក់វិន័យនៅពេលក្រោយចំពោះមន្ត្រីដែលបញ្ចេញសារសំឡេងនាំអោយបែកធ្លាយមុនសេចក្តីសម្រេចដែលសម្តេចមិនទាន់បានចុះហត្ថលេខាផង ដែលការពិតសេចក្តីសម្រេចបិទខ្ទប់នេះមិនមែនជាការបិទខ្ទប់ទាំងស្រុងមិនអោយមានការលក់ដូរចំណីអាហារជាប្រភេទស្បៀងហូបចុក ការចេញទៅរកសេវាព្យាបាលជំងឺ ការហាត់ប្រាណក្នុងបរិវេណផ្ទះឬជិតៗផ្ទះ ក្នុងក្របខណ្ឌមិនលើសពី ២នាក់ ការចេញទៅផ្សារក្នុងមនុស្សម្នាក់ឬ២នាក់ក្នុង១ផ្ទះមិនលើសពី២ដងក្នុង១សប្តាហ៍ និងការប្រកបការងារជាចាំបាច់ ផ្សេងៗ នៅក្នុងភូមិសាស្ត្របិទខ្ទប់ប៉ុន្តែអ្នកមិនចាំបាច់ត្រូវនៅក្នុងផ្ទះ ពោលគឺរដ្ឋាភិបាលបានគិតគូរមិនអោយពលរដ្ឋអត់ស្បៀងអាហារហូបចុកនោះទេ។
សូមបញ្ជាក់ថា ល្ងាចថ្ងៃទី១៤មេសា បន្ទាប់ពីការបែកធ្លាយសារជាសំឡេងរបស់សម្តេចដែលបានមាន ប្រសាសន៍តាមប្រព័ន្ធអេឡិចត្រូនិចទៅកាន់គណៈអចិន្រ្តៃយរាជរដ្ឋាភិបាលអំពីផែនការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅចាប់ពីម៉ោង០០ថ្ងៃទី១៥មេសាដល់ថ្ងៃទី២៨មេសា ភ្លាមៗនោះបានធ្វើអោយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានការភ្ញាក់ផ្អើលនាំគ្នាទៅទិញស្បៀងអាហារបំរុងទុកនៅតាមទីផ្សារ និងហាងនានាដែលរូបភាពណែនណាន់តាន់តាប់នៃការប្រជ្រៀតគ្នាទៅដណ្តើមទិញស្បៀងអាហារបំរុងទុកបែបនេះជាការព្រួយបារម្ភអំពីផលអវិជ្ជមាននាំអោយមានការចម្លងមេរោគកូវីដ១៩ថ្មីៗបន្ថែមទៀត ហើយបន្ថែមលើនេះក៏នាំអោយមានការច្របូកច្របល់ការតម្លើងថ្លៃទំនិញថែមទៀតផង។
អាស្រ័យហេតុដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនានាបានអំពាវនាវកុំអោយមានការភ្ញាក់ផ្អើលព្រួយបារម្ភអំពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅព្រោះការបិទខ្ទប់នេះ គឺមិនមែនបិទខ្ទប់ទាំងស្រុងដែលនាំអោយពលរដ្ឋស្លាប់ដោយអត់ស្បៀងហូបចុក លើកលែងតែការលក់ស្រាបៀរ គ្រឿងស្រវឹងផ្សេងៗដែលនាំអោយមានការជួបជុំ។ ក្រៅពីនោះទៀត ដូចជាបញ្ហាការចេញទៅរកទទួលសេវាព្យាបាលជំងឺ ឬការប្រារព្ធបុណ្យសព និងកិច្ចការផ្សេងៗដែលជាការងារចាំចាច់មិនមានការហាមឃាត់នោះទេគឺត្រូវបានអនុញ្ញាតដោយអាជ្ញាធរ៕ អត្ថបទ៖ មុត សុទ្ធ