ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានស្នើបង្កើតកិច្ចសហប្រតិបត្តិកាលើវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា និងការនាំចូលអង្ករផ្កាម្លិះទៅកាន់ប្រទេសព្រុយណេ។
ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានសន្តិភាព។
ព្រះចៅស៊ុលតង់ ក៏បានសម្តែងការសព្វព្រះរាជហឫទ័យ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមពីលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់។
ព្រះមហាក្សត្រព្រុយណេ បានណែនាំ ឱ្យរដ្ឋមន្ត្រីកសិកម្មកម្ពុជា និងព្រុយណេ សហការលើវិស័យកសិកម្ម និងនាំអង្ករផ្កាម្លិះទៅព្រុយណេ។
ព្រះចៅស៊ុលតង់ យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
កម្ពុជា បាននាំចេញអង្ករសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កើនឡើង១០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ