បន្ទាយមានជ័យ៖ ដោយមានយកចិត្តទុកដាក់គិតគូរខ្ពស់ពីលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រុមការងាររបស់ប៉ុស្តិ៍ចំនួន ០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍ បានចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន ដើម្បីជួយសម្រាលនូវការលំបាកខ្វះខាតដោយក្នុងនោះរួមមាន៖ ថវិកាចំនួន៥០០ដុល្លារ ប្រាក់រៀលចំនួន ២,៥៨០,០០០៛
ប្រាក់បាតចំនួន ២៧,៥០០បាត ,ទឹកសុទ្ធ៤កេស ,មី១កេសធំ ,ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស ទឹកដោះគោឆៅ៥យួរ ,ត្រីខកំប៉ុង៥យួរ សម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាទាំងអស់នេះ គឺបានមកពីការចូលរួមគ្នារបស់អង្គភាព ដើម្បីជួយសម្រាលនូវទុក្ខលំបាកនានារបស់បងប្អូនរួមការងារនាពេលនេះផងដែរ។
លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងថា ការចែករំលែក និងជួយសម្រាលនូវទុក្ខលំបាករបស់បងប្អូនរួមការងារនៅពេលនេះ វាអាចជួយកាត់បន្ថយការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ បើទោះបីមានចំនួនតិចតួចក្តី គឺជាការរួមចំណែកមួយដ៏សំខាន់របស់អង្គភាពក្នុងការជួយគ្នាក្នុងគ្រាលំបាក៕


