កែប៖ លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាជនខ្មែររស់នៅសហរដ្ឋអាម៉េរិក និងប្រតិភូសម្ព័ន្ធចលនាយុវជនក្រៅប្រទេស មកស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ខណៈរូបលោកបានចាកចេញពីប្រទេសកម្ពុជា មានរយៈពេល៤០ឆ្នាំមកហើយ។
ក្នុងដំណើទស្សនកិច្ច កាលពីថ្ងៃទី១២ វិច្ឆិកា ២០២២កន្លងទៅ របស់លោក ម៉ក់ ហឺន មកកាន់ខេត្តកែប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្ត ជូនដំណើទៅទស្សនា តំបន់អភិវឌ្ឍសំខាន់ៗរបស់ខេត្តកែប ដូចជា៖ រមណីយដ្ឋានឧទ្យានជាតិកែប ផ្លូវអភិវឌ្ឍន៍ទៅកាន់ឆ្នេរអង្កោល ឆ្នេរពង្រីកថ្មីប្រវែង ២៧០០ម៉ែត្រ និងតាមបណ្តារកោះមួយចំនួនក្នុងខេត្តផង។
ក្នុងដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជាលោក ម៉ក់ ហឺន បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៨២ ដែលគិតមកដល់ពេលនេះមានរយៈពេល ៤០ឆ្នាំមកហើយ ។
លោក និងភរិយា បានបន្ថែមទៀតថា លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជា និយាយជារួមនិងដោយឡែកខេត្តកែប ដែលជាខេត្តមានទេសភាពល្អស្រស់ត្រកាល និងជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញ ដែលទាំងនេះបញ្ជាក់អោយឃើញពីភាពផ្ទុយស្រឡះពីការរិះគន់ ពីសំណាក់ជនអគតិ តែងតែចោទប្រកាន់មូលបង្កាច់ថា ប្រទេសកម្ពុជាជាប្រទេសផ្តាច់ការ គាបសង្កត់សិទ្ធសេរីភាព ជាប្រទេសក្រខ្សត់ជាដើម ។
លោក ម៉ក ហឺន បានបន្ថែមទៀតថា រយៈពេលប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធាររបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើអោយលោកភ្លឺភ្នែក ឈប់ជឿលើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។
ក្នុងនោះលោក ម៉ក់ ហឺន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកែប ដែលបានទទួលបដិសណ្ឋារកិច្ចលោកយ៉ាងដិតដល់៕








