កីឡាជាតិ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញគ្រប់ភាគីពាក់ព័ន្ធដែលត្រូវរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ត្រូវធានាការរៀបចំឲ្យដំណើរការរលូន និងទទួលបានជោគជ័យ ដើម្បីជាពិសោធន៍ត្រៀមរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ការចង្អុលបង្ហាញនេះ បន្ទាប់ពីឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ខណៈព្រឹត្តិការណ៍នេះនឹងរៀបចំពិធីបើកនាថ្ងៃទី២១ ខែវិច្ឆិកា និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC មានប្រសាសន៍ថា ពិធីបើកកីឡាជាតិ និងកីឡាជនពិការជាតិនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នេះគឺជាការផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយក៏ជាការជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យការរៀបចំដំណើរការដោយរលូន និងទទួលបានជោគជ័យផងដែរ។
ឯកឧត្តមបន្ដថា ការរៀបចំត្រូវមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ហើយការចូលរួមត្រូវមានការចាត់តាំងត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់នឹងត្រូវចូលរួមពិធីបើកខាងលើ។ ដូច្នេះការរៀបចំ ត្រូវមានភាពហ្មត់ចត់បំផុត។ រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើង តន្ដ្រី កាំជ្រួច ក៏ដូចជាការសម្ដែងកំពុងធ្វើការហាត់សមផងដែរ ដោយមានមនុស្សចូលរួមសម្ដែងប្រមាណជាង ២ពាន់នាក់ក្នុងនោះជាង ១ពាន់នាក់គឺជាកម្លាំងនាយកដ្ឋានអង្គរក្ស។ ជារួមឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើការណែនាំជាច្រើនក្នុងការរៀបចំពិធីបើក-បិទ ពិសេសគឺត្រូវរៀបចំប្រកបដោយសុវត្ថិភាព និងការធ្វើឲ្យទស្សនីយភាព មានលក្ខណៈពិសេស និងអស្ចារ្យនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។ សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នឹងធ្វើឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ប៉ុន្ដែមុនពិធីបើក ២ថ្ងៃក៏នឹងមានការរៀបចំនូវពិធីបើកសាកល្បងចំនួន ២លើកផងដែរនាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកាខាងមុខនៅពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្ដង៕
អត្ថបទ៖ លី ឈុនឡា