ឥណ្ឌូនេស៊ី៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថានឹងមិនឲ្យផ្ទុះសង្គ្រាមត្រជាក់ថ្មីជាមួយចិន ក្រោយជំនួបផ្សះផ្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping។ លោកក៏បាននិយាយផងដែរថា លោកមិនជឿថា ចិននឹងវាយលុកក្រសោបយកកោះតៃវ៉ាន់នោះទេ។

នេះជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំមហាអំណាចទាំង២ ចាប់តាំងពីលោក Biden ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ មេដឹកនាំទាំង២ បានពិភាក្សាផងដែរពីបញ្ហាកូរ៉េខាងជើង និងការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែននៅឯជំនួបនៅកោះបាលី (Bali) មួយថ្ងៃមុនជំនួបកំពូលនៃបណ្ដាប្រទេសមានឧស្សាហ៍កម្មលូតលាស់ទាំង ២០ ឬ G20 នៅលើកោះរបស់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួបរយៈពេល ៣ម៉ោងដែលបានធ្វើឡើងភ្លាមៗនៅសណ្ឋាគារប្រណីតមួយ ក្រោយការមកដល់របស់លោក Xi មេដឹកនាំទាំង២ បានពិភាក្សាពីប្រធានបទសំខាន់ៗជាច្រើនរួមទាំងកោះតៃវ៉ាន់ផងដែរ។
ត្រូវបានអះអាងសិទ្ធិគ្រប់គ្រងដោយទីក្រុងប៉េកាំង កោះស្វ័យគ្រប់គ្រងមួយនេះយកអាមេរិកធ្វើជាសម្ព័ន្ធមិត្ត ហើយតែងតែជាបញ្ហាដ៏ចម្រូងចម្រាសក្នុងទំនាក់ទំនងរវាងអាមេរិក-ចិន។ ភាពតានតឹងបានបានឡើងកម្ដៅកាលពីខែសីហា នៅពេលដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅទស្សនកិច្ចកោះតៃវ៉ាន់។ ប្រទេសចិនបានឆ្លើយតបដោយសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះមួយនេះ ដែលជំរុញឲ្យមានក្ដីបារម្ភថាជម្លោះអាចផ្ទុះឡើងរវាងអាមេរិក និងចិន៕
អត្ថបទ៖ សុខមាន