ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា លោកបានប្រាប់ប្រធានាធិបតីចិនលោក Xi Jinping រួចហើយថា ទីក្រុងប៉េកាំងមានកាតព្វកិច្ចព្យាយាមនិយាយជាមួយកូរ៉េខាងជើង កុំឲ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ទោះបីជាគេមិនច្បាស់ថា តើចិនអាចគ្រប់គ្រងទីក្រុងព្យុងយ៉ាងបាន ឬអត់ក៏ដោយ។

លោក Biden បានជួបជាមួយលោក Xi ជាង ៣ម៉ោងមុនជំនួបកំពូល G20 នៅកោះបាលី ដែលជាជំនួបទល់មុខគ្នាលើកដំបូងចាប់តាំងពីលោក Biden កាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុនមក។ លោកបានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីលោកបានព្រមានលោក Xi ថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីមួយក្នុងករណីចាំបាច់ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ជាសកម្មភាពមួយដែលទីក្រុងព្យុងយ៉ាងមិនបានធ្វើចាប់តាំងពីឆ្នាំ២០១៧ មក។ លោក Biden បាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិកអាចប្រឈមនឹងចិនកាន់តែខ្លាំងឡើង បើទោះបីជាមិនដៅចំពោះចិនដោយផ្ទាល់ក៏ដោយ៕
អត្ថបទ៖ សុខមាន