ភ្នំពេញ ៖ តម្លៃគម្រោងវិនិយោគលើវិស័យសំណង់ នៅក្នុងឆ្នាំ ២០២០ មានទំហំទឹកប្រាក់ចំនួន ៧ ៧៥៣ លានដុល្លារ ដោយបានសាងសង់នៅលើចំនួនផ្ទៃក្រឡាសរុប មានចំនួនជិត ១៧ លានម៉ែត្រការ៉េ ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីគម្រោងសាងសង់វិស័យសំណង់ ដែលបានអនុញ្ញាតលើសំណើរសុំសាងសង់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឆ្នាំ ២០២០ កម្ពុជាទទួលបានគម្រោងវិនិយោគសំណង់មានទំហំទឹកប្រាក់ប្រមាណជា ៧ ៧៥៣ លានដុល្លារ បានធ្លាក់ចុះ ៣២,១% ធៀបនឹងឆ្នាំ ២០១៩, និងមានចំនួនផ្ទៃក្រឡាសាងសង់សរុបជិត ១៧ លានម៉ែត្រការ៉េ បានធ្លាក់ចុះជិត ២៧% ធៀបទៅនឹងឆ្នាំ ២០១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា វិស័យសំណង់នឹងងើបឡើងវិញក្នុងអត្រាកំណើនទាប លើរង្វង់ ២,៩% ក្នុងឆ្នាំ២០២១ និង ៧,៨% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកនូវការត្រឡប់មកវិញ នៃរំហូរទុនវិនិយោគពីបរទេស និងការងើបឡើងវិញនូវតម្រូវការក្នុងស្រុក ។
ចំពោះការបន្តរីកធំនៃឥណទានផ្តល់ទៅអនុវិស័យសំណង់, អាចនឹងជួយប៉ះប៉ូវបានមួយផ្នែកតូច ពីការរំពឹងទុកនូវការរឹតត្បិតរំហូរទុនវិនិយោគពីប្រទេសចិន តាមរយៈការកើនឡើងនូវហិរញ្ញប្បទានក្នុងស្រុក, ប៉ុន្តែការបន្តកំណើនខ្ពស់នៃឥណទានក្នុងស្រុកនេះ អាចបង្កជាហានិភ័យដល់អនុវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុទាំងមូលផងដែរ ស្របពេលដែលកំណើនសេដ្ឋកិច្ចជារួម បានរំពឹងថា នឹងងើបឡើងវិញក្នុងកម្រិតទាប ។
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើការវិវត្តនៃអនុវិស័យសំណង់ ដើម្បីដាក់ចេញគោលនយោបាយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចកើតឡើង។ ជារួមអត្រាកំណើន នេះស្ថិតក្នុងនិន្នាការទាបជាងធម្មតានៅឡើយ ដោយហេតុថាអនុវិស័យនេះ ត្រូវការពេលវេលាដើម្បីស្តារទំនុកចិត្តក្នុងការវិនិយោគ ៕
អត្ថបទ ៖ សុន រ៉ាឌី