កំពង់ឆ្នាំង៖ មកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ផ្ទះបណ្តែតទឹកចំនួន ១៧៧៤ខ្នងនៅក្នុងឃុំទាំង៤ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឡើងមករស់នៅលើគោកតាមគោលការណ៍កំណត់របស់ខេត្តរួចហើយ ដើម្បីបរិស្ថានទឹកទន្លេ និងសណ្តាប់ធ្នាប់នៅក្នុងទន្លេសាប។ ក៏ប៉ុន្តែ នៅមានផ្ទះចំនួន ៨ខ្នងទៀត មិនព្រមអនុវត្តតាមផែនការរបស់អាជ្ញាខេត្តនោះឡើយ ដោយកំពុងយកលេសនេះលេសនោះមិនចេះចប់ ហើយបន្តរស់នៅលើទឹកទន្លេដោយបានបោះចោលសំរាម ជុះនោមចូលទន្លេជាបន្តទៀត។
ប្រជាពលរដ្ឋជាអ្នកបំលាស់ទីរួចរាល់ហើយបានអោយដឹងថា ការមិនអនុវត្តតាមផែនការអាជ្ញាធរខេត្តកំពង់ឆ្នាំងនេះ គឺធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការងាររៀបចំអនាម័យបរិស្ថាន សោភ័ណភាព និងសណ្តាប់ធ្នាប់ទន្លេសាបនៅក្នុងឃុំឆ្នុកទ្រូ។ អ្នកមិនព្រមឡើងគោកមានតែ៨គ្រួសារ ដែលនៅក្នុងអ្នកទាំង៨នោះ ក៏មានប្រពន្ធមេប៉ុស្តិរដ្ឋបាលឃុំឆ្នុកទ្រូ និងមានមន្ត្រីបរិស្ថាននៅទីនោះ ដែលពួកគេអាងខ្លួនជាសមត្ថកិច្ច និងជាមន្ត្រីបរិស្ថាន មិនមានអ្នកណាហ៊ានអោយឡើងគោកនោះឡើយ។ ផ្ទះទឹកដែលមិនព្រមឡើងគោកទាំង៨ខ្នងនេះនេះ គឺមានផ្ទះលក់កាណូតបាឡាស្មាច់, ផ្ទះលក់ចាប់ហួយ, ផ្ទះជួសជុលម៉ាស៊ីន, ផ្ទះបញ្ចូលអាគុយ, ផ្ទះលក់ប្រេងសាំងជាដើម ដែលអ្នករស់នៅលើផ្ទះទាំងនេះ តែងតែបន្តចោលសំរាម កាកសំណល់ផ្ទះបាយ ទម្លាក់សារធាតុគីមី ទឹកអាស៊ីត ឬបន្ទោបង់ចូលទន្លេជារៀងរាល់ថ្ងៃ ដោយគ្មានខ្វល់ពីបញ្ហាសុខុមាលភាពអ្នកប្រើប្រាស់ទឹកទន្លេនោះឡើយ។ បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ មេត្តាអនុវត្តវិធានការណ៍រដ្ឋបាលបង្ខំអោយអ្នកទាំង ៨នាក់នោះ ឡើងពីទឹកទន្លេមករស់នៅលើគោក ដូចពលរដ្ឋទូទៅផង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកមេប៉ុស្តិឆ្នុកទ្រូបានអោយដឹងថា គាត់បានដកផ្ទះ២ ចេញរួចហើយ នៅតែផ្ទះលក់កាណូតបាឡាស្មាច់នោះទេ ចំណែកមន្ត្រីបរិស្ថានវិញ ទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងជាប្រធានក្រុមការងារចំរុះរៀបចំសណ្តាប់ធ្នាប់ផ្ទះបណ្តែតទឹកស្រុកបានអោយដឹងថា ក្រោយពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអនុម័តក្នុងការបំលាស់ទីផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋរស់នៅលើទឹក អោយឡើងមករស់នៅលើគោកនៅក្នុងឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋរស់នៅលើទឹកប្រមាណជាង៩៩% បានចូលរួមបំលាស់ទីរស់នៅរបស់ខ្លួនតាមផែនការរបស់អាជ្ញាធរខេត្ត ក្នុងនោះក៏មានផ្ទះបណ្តែតទឹកប្រជាពលរដ្ឋចំនួន ១៧៧៤ខ្នងនៅក្នុងស្រុកបរិបូណ៌បានមករស់នៅលើគោកហើយ នៅឡើយតែផ្ទះចំនួន៨ខ្នងទៀតប៉ុណ្ណោះ មិនព្រមអនុវត្តតាមផែនការអាជ្ញាធរខេត្តក្នុងការអភិវឌ្ឍន៍ច្រាំងទន្លេ និងទន្លេសាបអោយមានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អឡើងវិញ។ លោកអភិបាលស្រុកបរិបូណ៌បានអោយដឹងថា ទាក់ទងនឹងផ្ទះទាំង៨ខ្នងនេះ លោកមិនទុកអោយរស់នៅបែបនេះនោះឡើយ គឺត្រូវតែឡើងគោកដូចប្រជាពលរដ្ឋទូទៅជិត២ពាន់គ្រួសារ ហើយលោកក៏កំពុងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តក្នុងចំណាត់ការលើផ្ទះទាំង៨នេះផងដែរ៕ ហុង វាស្នា








