ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានចូលរួមកិច្ចពិភាក្សាដោយត្រង់ៗជុំវិញបញ្ហាកោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ក្នុងកិច្ចប្រជុំរយៈពេល ៣ម៉ោងក្នុងគោលបំណងការពារទំនាក់ទំនងរវាងអាមេរិក និងចិនដែលកំពុងជួបភាពតានតឹងមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី។
ក្នុងពេលមានការខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន និងការគាំទ្រឧស្សាហកម្មក្នុងស្រុក មេដឹកនាំទាំងពីរបានសន្យាឲ្យមានទំនាក់ទំនងប្រសើរជាងមុន។ លោក Biden បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោក Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីថា យើងនឹងប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ប៉ុន្តែលោកមិនស្វែងរកជម្លោះនោះទេ លោកកំពុងស្វែងរកការគ្រប់គ្រងការប្រកួតប្រជែងនេះដោយការទទួលខុសត្រូវ។ ទីក្រុងប៉េកាំងបាននិយាយជាយូរមកហើយថា ខ្លួននឹងនាំយកកោះស្វ័យគ្រប់គ្រងមួយនេះ ដែលខ្លួនបានចាត់ទុកថា ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីប្រទេសចិនឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយមិនបានបដិសេធចំពោះការប្រើប្រាស់កម្លាំងដើម្បីយកមកវិញនោះទេ។ ចិនបានចោទប្រកាន់អាមេរិកជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា បានជំរុញទឹកចិត្តកោះតៃវ៉ាន់ចំពោះឯករាជ្យភាព។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ លោក Xi បានចាត់ទុកកោះតៃវ៉ាន់ថា ជាបន្ទាត់ក្រហមដំបូងដែលមិនត្រូវបានឲ្យឆ្លងកាត់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននោះទេ។ ស្តីពីប្រទេសកូរ៉េខាងជើង លោក Biden និយាយថា វាពិបាកក្នុងការដឹងថា តើទីក្រុងប៉េកាំងមានឥទ្ធិពលលើការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាងដែរ ឬទេ។ វាពិបាកនឹងនិយាយថា លោកប្រាកដថាចិនអាចគ្រប់គ្រងកូរ៉េខាងជើងបាន។ លោកបានប្រាប់លោក Xi ថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន៕
អត្ថបទ៖ ប៊ុនថន