ភ្នំពេញ៖ បន្ទាប់ពីមានរៀបចំឲ្យមានកិច្ចសន្ទនាគ្នា រវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរម្លឹកឡើងវិញអំពីសវតា និងគោលនយោបាយថាមពលអគ្គិសនី ក៏ដូចជាលក្ខខណ្ឌនានាក្នុងការទទួលបានការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។
ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងទុកថា នឹងការយោគយល់ច្រើនជាងមុន លើតម្លៃអគ្គិសនីដែលប្រើប្រាស់ក្នុងវិស័យកសិកម្ម។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្ម បានលើកឡើងថា ការកាត់បន្ថយចំណាយថ្លៃអគ្គិសនី ផ្តល់ប្រយោជន៍ជាច្រើនទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក បានបន្តថា ថ្លៃដើមនៃការផលិត និងទាំងការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការប្រើប្រាស់សម្រាប់ការកែច្នៃផលិតផលកសិកម្ម បើប្រៀបធៀបជាមួយបណ្តាប្រទេសគេបានដើរជឿនលឿនរួចហើយនៅក្នុងវិស័យកសិកម្ម ក៏ដូចជាឧស្សាហកម្មកែច្នៃនាំចេញជាដើម គឺតម្លៃយើងបូកទាំងអស់ គឺនៅខ្ពស់ជាងគេ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ចំពោះនីតិវិធីដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនីខាងលើនេះ អ្នកប្រើប្រាស់កសិកម្មទាំងអស់ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិនជាក្រុមសហគមន៍ ត្រូវមាននរណាម្នាក់ជាតំណាង ដែលទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីប្រាកដច្បាស់ទាំងអស់គ្នាក្នុងការដាក់ពាក្យស្នើសុំយោគយល់តម្លៃអគ្គិសនីឲ្យបានសមរម្យ៕
អត្ថបទ៖ បូរ៉ាវី
