បាល់ទាត់៖ ក្រុមជម្រើសជាតិព័រទុយហ្កាល់បានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងប្រទេសរបស់ខ្លួន មុនចេញដំណើរទៅកាន់ទឹកដីកាតាសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

កីឡាករទាំង ២៦នាក់សុទ្ធតែមានវត្តមាននៅទីលានហ្វឹកហាត់ ខណៈក្រសែភ្នែកអ្នកសារព័ត៌មានកំពុងផ្តោតលើ Cristiano Ronaldo ដែលទើបផ្តល់កិច្ចសម្ភាសន៍មួយសង្កត់ធ្ងន់ថា គេមានអារម្មណ៍ថាត្រូវក្លិបរបស់ខ្លួន Manchester United ក្បត់។ វីដេអូឃ្លីបនៃកិច្ចសម្ភាសន៍របស់ Ronaldo ជាមួយលោក Piers Morgan ត្រូវបានបញ្ចេញជាផ្នែកៗបន្តបន្ទាប់ ខណៈឃ្លីបសំខាន់មួយទៀតនោះគឺ Ronaldo សង្កត់ធ្ងន់ទៅលើម្ចាស់ក្លិបគ្រួសារត្រកូល Glazers ដែលមិនយកចិត្តទុកដាក់ពីមុខមាត់ក្លិប សំខាន់គិតតែរឿងរកលុយពីផលចំណេញ។
នេះជារដូវកាលដ៏អាក្រក់មួយសម្រាប់កីឡាករវ័យ ៣៧ឆ្នាំរូបនេះមុនការបង្ហាញខ្លួននៅ World Cup ជាលើកចុងក្រោយនៃអាជីពរបស់ខ្លួន ដែលរួមមានបញ្ហាជាមួយក្លិប សតិអារម្មណ៍ដែលធ្វើឱ្យទម្រង់ធ្លាក់ចុះមិនធ្លាប់មានក្នុងអាជីព។ ក្រុមជើងឯកអឺរ៉ុបឆ្នាំ២០១៦ ព័រទុយហ្កាល់ស្ថិតក្នុងពូល H នៅ World Cup ឆ្នាំនេះដោយនឹងត្រូវជួបជាមួយហ្កាណា អ៊ុយរូហ្កាយ និងកូរ៉េ៕
អត្ថបទ៖នាង សុភាវុធ