បាល់ទាត់៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាបានចោទជាបញ្ហាជាច្រើនសម្រាប់ក្រុមនៅលីគលំដាប់កំពូល។ ក្របខណ្ឌកំពូល Premier League នឹងត្រូវសម្រាក ៦សប្តាហ៍ដែលធ្វើឱ្យក្លិបជួបនឹងបញ្ហាលើកីឡាករដែលប្រទេសរបស់ខ្លួនមិនបានលេង World Cup រឺកីឡាករដែលមិនត្រូវបានកោះហៅដោយក្រុមជម្រើសជាតិពួកគេ ដែលធ្វើឱ្យរយៈពេល ៦សប្តាហ៍គ្មានការប្រកួត ហើយអាចនឹងបាត់បង់ទម្រង់លេងនៅពេលលីគចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៦ ខែធ្នូ។
ជាមួយគ្នានោះដែរក្លិបបាល់ទាត់នៅលីគលំដាប់ទី៧ របស់អង់គ្លេស Ashton United FC នៅក្របខណ្ឌ Northern Premier League Division អាចដោះស្រាយបញ្ហានេះបានចំពោះខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ដែលទំនេរតាមរយៈការដាក់សំណើខ្ចីជើងរយៈពេល ២៨ថ្ងៃ។ គ្រូបង្វឹកក្លិប Ashton United លោក Michael Cregg និយាយថា ក្រុមរបស់លោកកំពុងស្វែងរកខ្សែប្រយុទ្ធស្រាប់ ដូច្នេះ Haaland នឹងអាចជួយក្រុមបានច្រើនដោយយ៉ាងហោចណាស់កីឡាករវ័យ ២២ឆ្នាំរូបនេះក៏អាចរកបានយ៉ាងតិច ៦គ្រាប់ដែរក្នុងចំណោម ៥ប្រកួតចំពោះមុខ។
ក្លិប Ashton United មានចម្ងាយពីកីឡដ្ឋាន Etihad ត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់លោក Pep Guardiola នាពេលកន្លងទៅថា Erling Haaland នឹងចំណាយពេលសម្រាកលំហែរកាយនៅ Marbella ប្រទេសអេស្ប៉ាញ និងបន្តទៅជួបជុំក្រុមគ្រួសារនៅន័រវេស មុនត្រលប់មកហ្វឹកហាត់ជាមួយ Manchester City វិញ៕
អត្ថបទ៖នាង សុភាវុធ