ទួរគី៖ រដ្ឋាភិបាលទួរគីបាននិយាយថា ខ្លួនអាចនឹងសងសឹកចំពោះជនប្រព្រឹត្តិការវាយប្រហារ ដោយគ្រាប់បែកដ៏ឃោរឃៅនៅទីក្រុងអ៊ីស្តង់ប៊ុល។ អាជ្ញាធរសន្តិសុខរបស់ប្រទេសកំពុងដាក់កំហុសលើក្រុមសកម្មប្រយុទ្ធ រួមទាំងគណបក្សពលករឃឺដ ឬ PKK សម្រាប់ការវាយប្រហារនេះ។

គ្រាប់បែកមួយគ្រាប់ត្រូវបានបំផ្ទុះកាលពីថ្ងៃអាទិត្យ នៅលើផ្លូវដើរទិញទំនិញដ៏មមាញឹកមួយកន្លែងក្នុងទីក្រុងធំបំផុតរបស់ប្រទេសទួរគី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ស្លាប់ និងរបួស ៨១នាក់ផ្សេងទៀត។ អាជ្ញាធរនិយាយថា ពួកគេបានឃុំខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ដែលសង្ស័យថាបានបង្កប់គ្រាប់បែក ព្រមទាំងមនុស្សប្រមាណ ៥០នាក់ផ្សេងទៀត។ តាមសេចក្តីរាយការណ៍ ស្ត្រីជនជាតិស៊ីរីបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា នាងត្រូវបានបណ្តុះបណ្តាលដោយគណបក្ស PKK និងក្រុមសកម្មប្រយុទ្ធឃឺដផ្សេងទៀត ហើយបានចូលមកប្រទេសទួរគីឆ្លងកាត់ភាគពាយ័ព្យប្រទេសស៊ីរី។
គណបក្ស PKK ត្រូវបានចុះបញ្ជីជាអង្គការភេរវជនដោយប្រទេសទួរគី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suleyman Soylu បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទួរគីដឹងពីសារនូវអ្វីដែលជនប្រព្រឹត្តចង់ផ្ញើមកកាន់ក្រសួង។ លោកនិយាយថា រដ្ឋាភិបាលនឹងសងសឹកពួកគេវិញជាថ្នូរនឹងការការវាយប្រហារនេះ។ ប្រជាពលរដ្ឋជាច្រើននាក់បានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃចន្ទ និងបានដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ៕
អត្ថបទ៖ ប៊ុនថន