ភ្នំពេញ ៖ ការនាំចូលរថយន្តពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០២០ មានតម្លៃប្រមាណជិត ១,១ ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។
យោងតាម របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ ២០២១ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចូលរថយន្តមានតម្លៃ ១ ០៩៩ លានដុល្លារ ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះពី ១ ៧៣៤ លានដុល្លារក្នុងឆ្នាំ ២០១៩។
របាយការណ៍ដដែលបញ្ជាក់ថា រថយន្តគឺប្រភេទទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចូល ដែលនាំមុខដោយផលិតផលវាយនភ័ណ្ឌ, សម្ភារសំណង់, ដែក, ស៊ីម៉ងត៍, ទឹក (ទឹករ៉ែ និងទឹកមានឧស្ម័ន), និងស្រាបៀរ។
ក្នុងឆ្នាំ ២០២០ កម្ពុជាបានចំណាយប្រាក់លើការនាំចូលទំនិញពីទីផ្សារអន្តរជាតិ សរុប ១៨ ៥៩០ លានដុល្លារ ធ្លាក់ចុះ ៧,៨៤ ភាគរយពីចំនួន ២០ ១៧១ លានដុល្លារ កាលពីឆ្នាំ ២០១៩។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២០ អង្គភាពនេះប្រមូលចំណូលបាន ២ ៤១៩ លានដុល្លារ ធ្លាក់ចុះ ២៤,៨ ភាគរយធៀបនឹងឆ្នាំ ២០១៩។
ដើម្បីជំរុញ និងលើកកម្ពស់ការប្រមូលចំណូលពន្ធគយ រដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយអត្រាពន្ធគយចន្លោះពី ១០ ដល់ ២០ ភាគរយ ដោយបានចាប់ផ្តើមអនុវត្តចាប់តាំងពីដើមខែមីនា ឆ្នាំ ២០២១ តទៅ៕
អត្ថបទ ៖ វណ្ណៈ
