សៀមរាប៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះពិនិត្យទីតាំងមួយចំនួន ដើម្បីដាក់កម្លាំងការពារ សន្ដិសុខ សុវត្ថិភាព កិច្ចប្រជុំការពារជាតិអាស៊ាន ដែលធ្វើឡើងនៅ ខេត្ដសៀមរាប នាចុងខែនេះ។
ក្នុងពេលចុះត្រួតពិនិត្យកិច្ចការរក្សាសន្តិសុខ អំឡុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន កាលពីល្ងាចថ្ងៃទី១៤ ខែ វិច្ឆិកា នេះ នាយឧត្ដមសេនីយ៍ សៅ សុខា បានណែនាំដល់អ្នកគ្រប់គ្រងសណ្ឋាគារ ចំនួន៥គោលដៅ ដែលជាកន្លែងស្នាក់ និងរៀបចំកិច្ចប្រជុំ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។
ឯកឧត្តម ក៏បានណែនាំ និងផ្តល់អនុសាសន៍ ដល់មន្ត្រីក្រោមឱវាទ ជាពិសេស មេបញ្ជាការ មេ បញ្ជាការរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវសហការដឹកនាំរៀបចំ ពិនិត្យដោយហ្មត់ចត់ទៅលើសម្ភារ និងមធ្យោបាយនាំក្បួនគណៈប្រតិភូ កំណត់គោលដៅឈរជើងប្រចាំបញ្ជា និងចាត់តាំងកម្លាំងផ្លាស់ប្តូរយាមកាមតាមគោលដៅឱ្យបានច្បាស់លាស់ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពង្រឹងយន្តការងាររក្សាសន្តិសុខសុវត្ថិភាពសម្រាប់កិច្ចប្រជុំដ៏មានអត្ថន័យ និងសារសំខាន់នេះ ឱ្យមានប្រសិទ្ឋភាពខ្ពស់ ដោយឈរលើស្មារតីសហការ ឯកភាព សាមគ្គីភាព និងភាព ទទួលខុសត្រូវ សំដៅធ្វើយ៉ាងណារក្សាសន្តិសុខសុវត្ថិភាពឱ្យមានប្រសិទ្ឋិភាពខ្ពស់។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងរៀបចំពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា នេះ នៅខេត្តសៀមរាប ដែលនឹងមានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តាប្រទេស ដៃគូអភិវឌ្ឍន៍ និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ ៕ អត្ថបទ៖ ឈិត សាវី