ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែ វិច្ឆកា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងសំណេះសំណាលការងារមនុស្សធម៌ ជាមួយប្រតិភូអឌ្ឍចន្ទក្រហមគុយវ៉ែត នៅអគារទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា។
មានប្រសាសន៍នាឱកាសនោះ លោក Abdul Rahman Saleh Al-Saleh ប្រធានប្រតិភូអឌ្ឍចន្ទក្រហមគុយវែត បានមានប្រសាសន៍ នេះជាលើកទី១ហើយ ដែលមកដល់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា គឺក្នុងគោលបំណងធ្វើការទំនាក់ទំនងការងារជាមួយគ្នា។
លោក Abdul ឱ្យដឹងថាកន្លងមកលោកតែងសង្កេតឃើញ កាកបាទក្រហមកម្ពុជា ចុះជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រោះទឹកជំនន់ជាដើមនៅក្នុងប្រទេសកម្ពុជា ហើយអឌ្ឍចន្ទក្រហមគុយវ៉ែត ក៏មានបំណងជួយដល់ កាកបាទក្រហមកម្ពុជា តែដោយសារមិនបានដឹងពីនិន្ទាការ របស់កាកបាទក្រហមកម្ពុជា មានតម្រូវការអ្វីខ្លះ ម្យ៉ាងលោកក៏កត់សំគាល់ឃើញថា កាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយខ្លួនឯង ទើបខាងអឌ្ឍចន្ទក្រហមគុយវ៉ែត មានការពន្យារពេលរហូតដល់ពេលនេះ។
ប្រធាននាយកដ្ឋានផ្នែកបញ្ជាទិញ នៃអឌ្ឍចន្ទក្រហមគុយវ៉ែត បានឱ្យដឹងទៀតថា កន្លងមកក្រុមការងារ បានធ្វើការមនុស្សធម៌ជាច្រើននៅក្នុងពិភពលោក រហូតដល់ជាង ៩០ប្រទេស ដែលក្នុងនោះជួយដល់កុមារកំព្រា និងជួយទៅដល់មន្ទីរពេទ្យជាច្រើននៅក្នុងពិភពលោក។ លោកសង្ឃឹមថាចាប់ពីពេលនេះទៅ គឺអឌ្ឍចន្ទក្រហមគុយវ៉ែត និង កាកបាទក្រហមកម្ពុជា នឹងមានការទំនាក់ទំនងការងារល្អជាមួយគ្នា ជាបន្តបន្ទាប់ទៅមុខទៀត ក្នុងនៃការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។
លោក Abdul ឱ្យដឹងទៀតថា នៅល្ងាចថ្ងៃដដែលនេះដែរ ប្រតិភូគុយវ៉ែត នឹងបន្តទៅជួបទំនាក់ទំនងការងារជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំការងារមនុស្សធម៌ជាមួយនឹងក្រសួង ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ឋាបុប្ផានៅក្នុងខេត្តសៀមរាប និងទៅស្វែងយល់អំពីការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈក្រសួងសដ្ឋកិច្ច និងហិរញ្ញាវត្ថុ។ ព្រោះកន្លងមកអឌ្ឍចន្ទក្រហមគុយវ៉ែត មានបំណងផ្ញើថវិកាតាមរយៈ កាកបាទក្រហមកម្ពុជា ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា តែ កាកបាទក្រហមកម្ពុជា ក៏បានណែនាំឱ្យធ្វើការទំនាក់ទំនង ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន។
ក្នុងឱកាសនោះដែរលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូអឌ្ឍចន្ទក្រហមគុយវ៉េត ដែលបានយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីធ្វើការងារមនុស្សធម៌ជាមួយគ្នា។ លោកជំទាវបានឱ្យដឹងថាកន្លងមក កាកបាទក្រហមកម្ពុជា បានធ្វើការជាមួយ អឌ្ឍចន្ទក្រហមគុយវ៉ែត តាមរយៈអ៊ីមែល មិនបានជួបផ្ទាល់នោះទេ។
លោកជំទាវសង្ឃឹមថាចាប់ពីពេលនេះទៅ កាកបាទក្រហមកម្ពុជា និងធ្វើការងារជាមួយ អឌ្ឍចន្ទក្រហមគុយវ៉ែត ដោយរលូនជាមួយគ្នា ហើយអ្វីដែលកាកបាទក្រហមកម្ពុជា ស្នើរសុំជំនួយពី អឌ្ឍចន្ទក្រហមគុយវ៉ែតនោះ គឺការកសាងភាពធនក្នុងសហគម ការងារបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលកាកបាទក្រហមកម្ពុជា ចង់បានពីអឌ្ឍចន្ទក្រហមគុយវ៉ែត៕ អត្ថបទ ៖ សំ ងីម






