យុវសិស្សចំនួន៥ក្រុមមកពីវិទ្យាល័យរដ្ឋ និងឯកជន ទទួលបានពានរង្វាន់អប់រំពេញមួយជីវិតប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការប្រកួតប្រជែងអត្ថបទសំណេរក្រោមប្រធានបទ « ការសិក្សាពេញមួយជីវិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០» ដែលរៀបចំធ្វើឡើងដោយដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីប្រកាសជ័យលាភី បានប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យុវសិស្សជ័យលាភីទាំង៥ក្រុមរួមមាន៖ ជ័យលាភីលេខ១ បានទៅលើសិស្សមកពីសាលាប៊ែលធីអន្តរជាតិ។ ជ័យលាភីលេខ២ បានទៅលើសិស្សមកពីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប។ ជ័យលាភីលេខ៣ បានទៅលើវិទ្យាល័យបច្ចេកវិទ្យាកំពង់ឈើទាល មកពីខេត្តកំពង់ធំ។ ជ័យលាភីលេខ ៤ បានទៅលើ សិស្សមកពីវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ និងជ័យលាភីលេខ៥ បានទៅលើ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។













