ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូឥណ្ឌូនេស៊ី មកដល់កម្ពុជាហើយ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រFacebook ផ្លូវការបានអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ ទទួលប្រតិភូរបស់ កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20។
សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។
គួរបញ្ជាក់ថា សម្តេចបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ពេលដែលសម្តេចទៅដល់ឥណ្ឌូនេស៊ី ដើម្បីចូលប្រជុំ-G20។
សម្តេចបញ្ជាក់ថា «ខ្ញុំមិនច្បាស់ថាមេរោគនេះ មកនៅជាមួយខ្លួនខ្ញុំ ចាប់ពីពេលណាមកនោះឡើយ តែអ្វីដែលច្បាស់ ពេលមកដល់ពេទ្យឥណ្ឌូនេស៊ី យកសំណាកពេលល្ងាច លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ដែលយើងត្រូវតែទទួលស្គាល់ បើទោះជាក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
សម្តេចបន្តថា ជាសំណាងមួយ ដែលយប់មុិញ ដោយសារមកដល់យឺត សម្តេចមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួន ដែលរៀបចំដោយប្រធានាធិបតីបារាំងទេ។
សម្តេចបន្តថា ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំ សម្តេចសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។ ឯតំណាងប្រទេសអាស៊ានយើង កំពុងចរចាប្រគល់ជូនឥណ្ឌូនេសុី ជាតំណាងតែម្តង៕



