
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពាក់ព័ន្ធការវិលត្រលប់របស់សម្តេចពីឥណ្ឌូនេស៊ី មកដល់គេហដ្ឋានសម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាលវិញហើយ និងស្ថានភាពសុខភាពសម្តេច ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការរកឃើញវិជ្ជមានកូវីដ-១៩លើសម្តេច គឺជារឿងតូចតាចប៉ុណ្ណោះ អ្វីដែលជាកង្វល់ធំរបស់សម្តេច គឺតើមេដឹកនាំដែលបានជួបប្រាស្រ័យជាមួយសម្តេច ពេលប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយបានវិលត្រលប់ទៅវិញ តើមានកើតកូវីដ-១៩ ដែរឬអត់? ដែលនោះទើបជាកង្វល់ធំ។
សម្តេចតេជោ ហ៊ុន សែន បន្តថា រហូតមកទល់ពេលនេះ គ្មានមេដឹកនាំប្រទេសណា រួមទាំងអគ្គលេខាធិការUN ដែលបានចេញពីកម្ពុជា មិនមានការរកឃើញករណីឆ្លងកូវីដ-១៩ចេញពីកម្ពុជានោះឡើយ។
សម្តេចប្រកាសថា ការរកឃើញវិជ្ជមានកូវីដ-១៩លើរូបសម្តេច ប្រហែលជាកើតចេញក្រោយពេលដែលសម្តេចមានការហត់នឿយខ្លាំងបំផុត ក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ ដែលសម្តេចបានធ្វើការមួយថ្ងៃ លើសពី១០ម៉ោង ឬ រង្វង់ ១៥ម៉ោង។
សម្តេចបញ្ជាក់ថា ស្ថានភាពសុខភាពសម្តេចនាពេលនេះ គឺធម្មតាមិនមានអ្វីដែលប្លែកឡើយ។ បាយក៏បាន សម្រាន្តក៏លក់ ហើយសម្តេចក៏បន្តព្យាបាលតាមវេជ្ជបញ្ជា និងធ្វើការនៅក្នុងផ្ទះជាប្រក្រតី លើកលែងមានការទទួលភ្ញៀវប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ព្រះតេជព្រះគុណគ្រប់អង្គ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានប្រោសព្រះរាជទានពរ និងជូនពរសម្តេចសព្វសារធុការ សូមឲ្យសម្តេចតេជោ ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អបរិបូរណ៍។
សម្តេចតេជោ ហ៊ុន សែន ក៏ផ្ញើសារទៅក្រុមអ្នកវិភាគ និងក្រុមប្រឆាំងទាំងឡាយ សូមកុំមានការវាយតម្លៃអគតិលើរូបសម្តេច ពាក់ព័ន្ធនឹងអវត្តមានសម្តេចក្នុងកិច្ចប្រជុំ G-២០ នៅឥណ្ឌូនេស៊ី និងAPEC នៅប្រទេសថៃ ដោយប្រទេសម្ចាស់ផ្ទះទាំងនោះ ចង់ឃើញសម្តេចមានវត្តមាន ក្នុងកិច្ចប្រជុំលើទឹកដីប្រទេសគេ ក្នុងនាមជាប្រធានអាស៊ានខ្លាំងណាស់៕