
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រង បានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ខែ កើនឡើងជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។
លទ្ធផលការប្រមូលចំណូលពន្ធដារនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែ តុលា និងសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២២ នៅថ្ងៃទី ១៥ ខែ វិច្ឆកា ដឹកនាំដោយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
ឯកឧត្តម គង់ វិបុល បញ្ជាក់ពីការប្តេជ្ញាចិត្តថា អគ្គនាយកដ្ឋាន នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្មប្រមូលចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ដើម្បីបន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៕