ប៉េតង់៖ លោក អ៊ុត សុវណ្ណា អតីតអ្នកប្រដាល់ជើងខ្លាំងមួយរូបកាលពីចន្លោះឆ្នាំ១៩៩៧-៩៨ បានបង្ហាញមោទនភាពជាខ្លាំង បន្ទាប់ពីកូនប្រុសរបស់ខ្លួន ២រូបដណ្ដើមបានមេដាយពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃកាលពីថ្មីៗ ពោលគឺម្នាក់ឈ្នះមេដាយមាស និងម្នាក់ឈ្នះមេដាយសំរឹទ្ធ។
ការលើកឡើងនេះ បន្ទាប់ពីលោក និងភរិយាបានទៅទទួសកូនប្រុស ដែលត្រឡប់មាតុភូមិវិញកាលពីដើមសប្ដាហ៍កន្លងទៅ បន្ទាប់ពីក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបានមេដាយសរុប ៧គ្រឿងរួមមានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ២ ក្នុងការប្រកួតជើងឯកអាស៊ីនេះ ដោយក្នុងនោះកូនប្រុសរបស់លោក អ៊ុត សុវណ្ណា ដណ្ដើមបានមេដាយ ២គ្រឿង គឺកីឡាករយុវជន អ៊ុត ដួងខែ ឈ្នះមេដាយមាសលើវិញ្ញាសាវាយកពិន្ទុយុវជន និងកីឡាករ អ៊ុត សុខជា ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាយុវជន ៣នាក់ទល់ ៣នាក់។ លោក អ៊ុត សុវណ្ណា បានគូសបញ្ជាក់ថា ទោះបីគ្រួសារខ្លួនមានជីវភាពខ្វះខាតយ៉ាងណា ក៏លោករីករាយនឹងជំរុញកូនៗឲ្យលេងកីឡា ព្រោះឃើញពួកគេមានទេពកោសល្យផ្នែកកីឡាប៉េតង់ ហើយទីបំផុតក្ដីស្រម៉ៃរបស់លោកក៏ក្លាយជាការពិត បន្ទាប់ពីកូនប្រុសទាំងពីរដណ្ដើមបានមេដាយជូនជាតិ ក៏ដូចជាសហព័ន្ធ ដូចអ្វីដែលលោកប៉ង ហើយលោកសង្ឃឹមថា ពួកគេនឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពិសេសការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានាពេលខាងមុខ។
ទន្ទឹមជាមួយគ្នាដែរ កីឡាករ អ៊ុត ដួងខែ ក៏បានសម្ដែងនូវសេចក្ដីរីករាយដែលខ្លួនអាចធ្វើបាន សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើឆាកអន្ដរជាតិ។ ដួងខែ ទទួលស្គាល់ថា កំលុងពេលហ្វឹកហាត់ខ្លួនធ្វើពុំសូវបានល្អនោះទេ តែដោយសារការតាំងចិត្ត ពិសេសដោយមានការជំរុញពីអាណាព្យាបាល ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាគ្រូបង្វឹក ទើបធ្វើឲ្យគេឈានទៅដណ្ដើមបានមេដាយលើសពីការរំពឹង។ យុវជនវ័យ ១៧ឆ្នាំរូបនេះប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។ គួរដឹងថា បន្ទាប់ពីចំណាយពេលប្រមាណ ៤ឆ្នាំជាមួយកីឡាប៉េតង់ នេះជាលើកដំបូងហើយដែលយុវជន អ៊ុត ដួងខែ ត្រូវបានសហព័ន្ធផ្ដល់ឱកាសចេញទៅប្រកួតលើឆាកអន្ដរជាតិ ក្នុងការប្រកួតជើងឯកអាស៊ីលើកទី៤ នៅប្រទេសថៃ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ។ ការដណ្ដើមបានមេដាយមាស ១គ្រឿងរបស់យុវជនមានដើមកំណើតពីខេត្តកណ្ដាលរូបនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដណ្ដើមបានមេដាយមាសច្រើនជាងគេ ពោលគឺឈ្នះមេដាយមាស ៣ ក្នុងចំណោម ៦វិញ្ញាសា ខណៈម្ចាស់ផ្ទះថៃដណ្ដើមបានមេដាយមាស ២ និងវៀតណាមឈ្នះមេដាយមាស ១ ក្នុងចំណោមអត្តពលិក ១៥ប្រទេសដែលចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ៕
អត្ថបទ៖ លី ឈុនឡា