រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបាញ់ស្រោចមីស៊ីលដ៏ច្រើនបំផុត លើទីតាំងថាមពលនានារបស់អ៊ុយក្រែន ប៉ុន្តែបានវាយប្រហារដាក់គោលដៅចេញពីភាគខាងកើតទៅខាងលិច និងបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងអ៊ុយក្រែន។

លោកប្រធានាធិបតី Volodymr Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលយ៉ាងហោចណាស់ ៨៥គ្រាប់កាលពីថ្ងៃអង្គារ ភាគច្រើននៃមីស៊ីលទាំងនោះបានត្រូវចំហេដ្ឋារចនាសម្ព័ន្ធថាមពល និងបានបិទរោងចក្រថាមពលនៅក្នុងទីក្រុងជាច្រើន។ លោកប្រធានាធិបតីរូបនេះបាននិយាយថា យើងកំពុងធ្វើការដើម្បីស្ដារឡើងវិញនូវអ្វីៗគ្រប់បែបយ៉ាង។ យើងនឹងស្រោចស្រង់គ្រប់យ៉ាង។ រដ្ឋមន្ត្រីថាមពលរបស់លោកបាននិយាយថា នេះគឺជាការទម្លាក់គ្រាប់បែកដ៏ច្រើនបំផុតមកលើទីតាំងថាមពលនានា ក្នុងការវាយលុករបស់រុស្ស៊ីដែលមានរយៈពេលជិត ៩ខែមកនេះ។ ការវាយប្រហារដ៏សន្ធាប់នេះបានកើតមានឡើង ខណៈក្រុមមេដឹកនាំប្រទេសមានឧស្សាហ៍កម្មឈានមុខទាំង២០ ឬ G20 បានជួបគ្នានៅកោះបាលីសម្រាប់ជំនួបកំពូលមួយ ដែលត្រូវបានគ្របដណ្ដប់ដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការវាយប្រហារនេះក៏បានកើតឡើងផងដែរ ក្រោយភាពរីករាយសម្រាប់អ៊ុយក្រែន បន្ទាប់ពីទទួលបានជ័យជម្នះខាងយោធាដ៏ធំបំផុតក្នុងការវាយលុករបស់រុស្ស៊ីជិត ៩ខែមកនេះគឺការដណ្ដើមបានទីក្រុង Kherson ភាគខាងត្បូងមកវិញកាលពីសប្ដាហ៍មុន។ ខណៈការបរាជ័យនៅសមរភូមិរបស់ខ្លួនកើនឡើងជាបន្តបន្ទាប់ រុស្ស៊ីបានងាកទៅបង្កើនការដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនក្នុងពេលប៉ុន្មានខែមកនេះ ដោយធ្វើឲ្យកាត់ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់ជាច្រើន។ រុស្ស៊ីបានបាញ់ស្រោចមីស៊ីលពាសពេញអ៊ុយក្រែន ខណៈមានការបង្ហាញពីសញ្ញាជាច្រើននៃការដកថយបន្ថែមទៀត៕
អត្ថបទ៖ សុខមាន