អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើប្រទេសប៉ូឡូញ ជាប្រទេសសមាជិករបស់អង្គការ NATO ក្នុងអ្វីដែលលោកបាននិយាយថា គឺជាការបង្កើនជម្លោះកាន់តែខ្លាំងឡើង។

លោក Zelenskyy និយាយថា នៅពេលដែលរុស្ស៊ីគិតថា និទ្ទណ្ឌភាពកាន់តែយូរ ការគំរាមកំហែងកាន់តែច្រើននឹងកើតមានចំពោះប្រទេសណាមួយដែលមីស៊ីលរបស់រុស្ស៊ីបាញ់ដល់។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេកំពុងស៊ើបអង្កេត ប៉ុន្តែមិនអាចបញ្ជាក់ពីរបាយការណ៍ដែលថា ការផ្ទុះនៅប្រទេសប៉ូឡូញជាសមាជិកណាតូបណ្តាលមកពីមីស៊ីលរបស់រុស្ស៊ីនោះទេ ខណៈក្រសួងការពារជាតិរុស្ស៊ីបានបដិសេធ។ ក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា មនុស្សពីរនាក់បានស្លាប់នៅក្នុងការផ្ទុះនៅក្នុងភូមិ Przewodow ជាភូមិមួយនៅភាគខាងកើតប្រទេសប៉ូឡូញមានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានប្តេជ្ញាការពាររួមគ្នា ដូច្នេះការវាយប្រហាររបស់រុស្ស៊ីលើប្រទេសប៉ូឡូញអាចប្រឈមនឹងការបន្ថែមជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅទីក្រុងវ៉ាស៊ីនតោន មន្ទីរបញ្ចកោណ សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ពួកគេមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាលប៉ូឡូញដើម្បីប្រមូលព័ត៌មានបន្ថែម។ ក្រសួងការបរទេសនិយាយថា របាយការណ៍នេះមានការពាក់ព័ន្ធមិនគួរឱ្យជឿ។ ប្រទេសអាល្លឺម៉ង់ និងកាណាដាបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍ ហើយប្រទេសន័រវែសបាននិយាយថា ខ្លួនកំពុងស្វែងរកព័ត៌មានលម្អិត។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា មិនមែនជាមីស៊ីលរុស្ស៊ីដែលបានវាយប្រហារលើទឹកដីប៉ូឡូញ ដោយចាត់ទុករបាយការណ៍ថាជាការបង្កហេតុដោយចេតនា ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង៕
អត្ថបទ៖ ប៊ុនថន