បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Christopher Nkunku មិនចូលរួមជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតាបានឡើយ ក្រោយរងរបួសពេលហ្វឹកហាត់។ កីឡាករវ័យ ២៥ឆ្នាំដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga រដូវកាលនេះបានរងរបួសជើងពេលហ្វឹកហាត់ជុំគ្នា ជាមួយក្រុមបារាំងនៅថ្ងៃអង្គារម្សិលមិញ។
Christophe Nkunku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga រដូវកាលនេះសរុប ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតជាមួយក្លិប RB Leipzig។ របួសរបស់ Nkunku ត្រូវបានគេឃើញថា មានការប៉ះទង្គិចជាមួយខ្សែបម្រើ Real Madrid, Eduardo Camavinga។ ក្រុមបារាំងនឹងត្រូវហោះហើរទៅកាន់ប្រទេសកាតាថ្ងៃពុធនេះ នឹងត្រូវជួបអូស្ត្រាលីមុនគេនៅក្នុងពូល D។ Nkunku បានក្លាយជាកីឡាករដែលមានឈ្មោះបោះសំឡេងមួយរូបទៀត របស់ក្រុមជម្រើសជាតិបារាំងដែលខកខាន World Cup បន្ទាប់ពី Paul Pogba, N’Golo Kante និង Prisnel Kimbempe។ អ្នកជំនួស Christopher Nkunku នៅមិនទាន់បង្ហាញដោយលោក Didier Deschamps នៅឡើយ៕
អត្ថបទ៖នាង សុភាវុធ