កណ្ដាល៖ ស្មៀននៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅមួយរូប ត្រូវបានសមត្ថកិច្ច និងមន្រ្តីជំនាញក្រសួងសង្គមកិច្ច ចុះឃាត់ខ្លួន ក្រោយរកឃើញថា បានកិបកេងថវិកាជាង ៧០លានរៀល សម្រាប់បើកជូនគ្រួសារក្រីក្រ។
ករណីសមត្ថកិច្ច ចុះឃាត់ខ្លួនមន្រ្តីជាស្មៀន នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រូបនេះ គឺធ្វើឡើងនៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។
ក្រោយការឃាត់ខ្លួន បច្ចុប្បន្នគឺ ជនរូបនេះ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែកោះហៅជនរងគ្រោះមកសួរនាំអំពីករណីនេះ ដោយធ្វើការហ្មត់ចត់លើរឿងនេះជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនមន្រ្តីសង្កាត់រូបនេះ គឺពុំទាន់មានការបញ្ជាក់ថែមពីឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នោះទេ។
ទោះពុំទាន់មានការបញ្ជាក់លើករណីថ្មីនេះយ៉ាងណាក្ដី កន្លងទៅ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម តែងលើកឡើងជាការព្រមានដល់ប្រតិបត្តិករកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រទាំងអស់ រាប់បញ្ចូលទាំងមន្រ្តីអនុវត្តកម្មវិធី និងភ្នាក់ងារបញ្ជរវីង ត្រូវអនុវត្តកម្មវិធី និងបើកសាច់ប្រាក់ជូនគ្រួសារទទួលផលអោយបានត្រឹមត្រូវ គ្មានការទារសេវា រឺការកិបកេងណាមួយនោះទេ។ ករណីបំពានណាមួយ គឺត្រូវទទួលទោសផ្លូវច្បាប់ ដោយគ្មានការលើកលែង។
ជុំវិញរឿងនេះផ្ទាល់ លោក ជៀម ខូយ ចៅសង្កាត់ តាខ្មៅ បញ្ជាក់ថាវាជាការពិតដូចបណ្ដាសារព័ត៌មានផ្សព្វផ្សាយ។ លោក បន្តថា រឿងនេះទើបបែកធ្លាយ ដែលលោកពុំធ្លាប់បានដឹងកន្លងមកនោះទេ។ លោក បន្តថា ករណីនេះ គឺប្រជាពលរដ្ឋបានប្ដឹងទៅខាងលើ ហើយលោកពុំបានដឹងពីចំនួនគ្រួសាររងគ្រោះក្នុងករណីនេះមានចំនួនប៉ុន្មាននោះទេ។ លោកបានបញ្ជាក់ខ្លីលើករណីនេះថា អ្នកណាធ្វើ អ្នកនោះទទួល។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយអនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានចំនួន ១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ គឺរាជរដ្ឋាភិបាលបានចំណាយអស់រហូតដល់ជាង ៨៣៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ៕ អត្ថបទ៖ គឹមហុក

