បាត់ដំបង៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ចូនក្រុមការងារចំនួនគោលដៅចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ ក្នុងឱកាសប្រមូលផលស្រូវ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា បន្ទាប់បានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចចាត់បញ្ចូនអនុរដ្ឋលេខាធិការ ចំនួន២រូបគឺឯកឧត្តម ឃី កុសល និង ឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។
ក្រសួង បញ្ជាក់ថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។
នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
កម្ពុជាបាននាំចេញអង្ករមានបរិមាណសរុប ៥០ម៉ឺនតោន ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កើនឡើង ១០,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕អត្ថបទ៖ វណ្ណៈ