ឥណ្ឌូនេស៊ី៖ ក្រុមមេដឹកនាំមានសេដ្ឋកិច្ចឈានមុខទាំង២០ ឬ G20 ដែលកំពុងជួបប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កំពុងពិភាក្សាពីសេចក្ដីប្រកាសរួមកិច្ចប្រជុំកំពូលនេះ ស្របពេលមានការខ្វែងគំនិតគ្នាជុំវិញការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត។

លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping ស្ថិតក្នុងចំណោមមេដឹកនាំទាំងនោះ ដែលបានចូលរួមកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃដែលនឹងបញ្ចប់ទៅនៅថ្ងៃពុធនេះ។ បណ្ដាប្រទេសលោកខាងលិច និងរុស្ស៊ីកាលពីថ្ងៃអង្គារបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ជុំវិញដើមចមបង្កឲ្យតម្លៃថាមពល និងស្បៀងអាហារហក់ឡើងខ្ពស់។
ពង្រាងនៃសេចក្ដីសម្រេចរួមរបស់ក្រុមមេដឹកនាំដែលទីភ្នាក់ងារសារព័ត៌មាន NHK ទទួលបានភាគច្រើននៃសមាជិកទាំងអស់ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែពង្រាងនេះក៏បានបង្ហាញផងដែរនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លុះបញ្ចាំងពីទស្សនៈរបស់ប្រទេសជាច្រើនដែលមិនចូលរួម ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី។ ប្រភពការទូតរបស់សហភាពអឺរ៉ុបកាលពីថ្ងៃអង្គារបាននិយាយថា ក្រុមមេដឹកនាំទំនងជានឹងឈានដល់កិច្ចព្រមព្រៀងលើសេចក្ដីសម្រេចរួមគ្នានោះ៕
អត្ថបទ៖ សុខមាន