វាយកូនបាល់៖ ក្តីសង្ឃឹមចង់ឈ្នះពាន ATP Finals ជាលើកដំបូងក្នុងអាជីពរបស់កីឡាករអេស្ប៉ាញ Rafael Nadal បានបញ្ចប់ហើយក្រោយធ្លាក់ត្រឹមវគ្គវិលក្នុងពូលប៉ុណ្ណោះ។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានរងបរាជ័យក្រោមស្នាដៃកីឡាករ Felix Auger-Aliasimme ៦-៣ និង ៦-៤ ដែលជាបរាជ័យទី២ ក្នុងពូលបន្ទាប់ពីបើកឆាកចាញ់កីឡាករអាមេរិក Taylor Fritz ផងដែរ។ បរាជ័យរបស់ Nadal ក៏មានន័យថាមិត្តរួមជាតិអេស្ប៉ាញ Carlos Alcaraz ធានាបានកៅអីលេខ ១ ពិភពលោកដើម្បីបញ្ចប់ឆ្នាំ២០២២ នេះផងដែរ។ បើរាប់ពី US Open មកដល់ពេលនេះ Nadal បានរងបរាជ័យ ៤ប្រកួតផ្ទួនៗហើយ។ ងាកមកការប្រកួតគូផ្សេងទៀតក្នុងពូលនេះដែរ កីឡាករន័រវេស Casper Ruud បានយកឈ្នះកីឡាករអាមេរិក Taylor Fritz ៦-៣ ៤-៦ និង ៧-៦(៨-៦)។ នេះជាជ័យជំនះទី២ របស់ Casper Ruud នៅក្នុងពូលពណ៌បៃតងនេះ៕
អត្ថបទ៖នាង សុភាវុធ