បាត់ដំបង៖ ការប្រមូលផលស្រូវវស្សាលើកទី២ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។
ឆ្លើយតបនឹងកង្វល់របស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីការចាត់បញ្ជូនមន្រ្តី និងក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ។
កសិករក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ការបង្កបង្កើន ផលស្រូវឆ្នាំនេះ មានលក្ខណៈងាយស្រួលជាងបណ្ដាឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុអំណោយផលមានភ្លៀងធ្លាក់ច្រើន មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។
ឆ្លើយតបការព្រួយបារម្ភរបស់ប្រជាកសិករ ក្រសួងកសិកម្ម កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន អំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទងទៅផ្ទាល់ក្រុមការងាររបស់ក្រសួង តាមរយៈលេខទូរសព្ទ ០៩៥ ៩៥ ១១១១ សម្រាប់ខេត្តបាត់ដំបង ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។
សូមបញ្ជាក់ថា តម្លៃស្រូវសើម ក្នុងស្រុកមោងឫស្សី បច្ចុប្បន្នប្រភេទស្រូវសែនក្រអូប ដែលពីមុន មានតម្លៃចន្លោះពី១២០០រៀលទៅ១៣០០រៀល បានធ្លាក់ចុះមកនៅត្រឹមចន្លោះ១០០០រៀល ទៅ ១១០០រៀល ចំណែកស្រូវប្រភេទស្រងែ ពីមុន តម្លៃចន្លោះពីជាង ១០០០រៀល បានធ្លាក់ចុះមកនៅត្រឹម ជាង៨០០រៀល ទៅដល់ក្រោម ១០០០រៀល ក្នុងមួយគីឡូក្រាម ៕អត្ថបទ៖ នឿត សុភក្ត្រ