ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ រំលឹកដល់ម្ចាស់យានយន្តដែលមិនទាន់បានបំពេញកាតព្វកិច្ច ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឲ្យបានរួសរាន់ ដែលការប្រមូលពន្ធប្រភេទនេះ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពីរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ដោយក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងថា មកដល់ពេលនេះ មានម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ ។
ក្នុងន័យនេះ, អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់អញ្ជើញទៅដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ជុំវិញការបង់ពន្ធនេះដែរ, ម្ចាស់យានយន្តក៏អាចបង់ពន្ធតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។ ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន, ហើយបញ្ហានេះ, អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

