
ភ្នំពេញ ៖ នៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននឹងកំពុងបើកការស៊ើបអង្កេត ករណីសំណុំរឿងស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កិបកេងថវិការដ្ឋជាង ៧០លានរៀល សម្រាប់បើកជូនគ្រួសារក្រីក្រ ក្នុងបរិបទកូវីដ-១៩។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់BTV នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ ថា មកដល់ពេលនេះ អង្គភាពពិតជាបានទទួលបណ្តឹងនោះហើយ ហើយអង្គភាពបាននិងកំពុងបើកការស៊ើបអង្កេតថែមទៀត ជុំវិញបណ្តឹងលើស្មៀនសង្កាត់តាខ្មៅនោះ ហើយក្នុងករណីអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានពិរុទ្ធគ្រប់គ្រាន់ស៊ីសង្វាក់គ្នា និងមានបន្ទុកគ្រប់គ្រាន់រួចហើយ អង្គភាពនឹងប្រកាសឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅនោះនៅពេលបន្តិចទៀតនេះ ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានថ្លែងអំណរគុណ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា អភិបាលខេត្តកណ្តាល ស្នងការនគរបាលខេត្តកណ្តាល និងសាលាក្រុងតាខ្មៅ ដែលបានរួមគ្នាឃើញភាពមិនប្រក្រតី រាយការណ៍ និងបញ្ជូនសំណុំរឿងទាំងនោះមកអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា មន្រ្តីស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួននៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ជុំវិញការកិបកេងថវិការដ្ឋប្រមាណ៧០លានរៀល សម្រាប់បើកជូនពលរដ្ឋក្រីក្រ ក្នុងបរិបទកូវីដ១៩។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយអនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានចំនួន ១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ គឺរាជរដ្ឋាភិបាលបានចំណាយអស់រហូតដល់ជាង ៨៣៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ៕ អត្ថបទ ៖ សុខជា