ប្រណាំងទូក៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃក្រុមជម្រើសជាតិកីឡាទូកប្រពៃណីកម្ពុជាចំនួន ៣៥នាក់បានចេញទៅប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកអាស៊ីលើកទី១៤ ឆ្នាំ២០២២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ខណៈគ្រូជំនួយលោក គង់ សុភាព បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ក្នុងការស្វែងរកលទ្ធផលល្អជូនជាតិ ក៏ដូចជាត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានមុនចាកចេញពីមាតុភូមិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោក គង់ សុភាព បានឲ្យដឹងថា បេសកកម្មនេះគឺជាការតេស្ដសាកល្បងមួយដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនី បន្ទាប់ពីពួកគេបានធ្វើការហ្វឹកហាត់ជាមួយគ្រូបង្វឹកមីយ៉ាន់ម៉ាលោក Naing Naing Htoo ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិ CAMSOC។ ផ្អែកលើសមិទ្ធផលនៃការហ្វឹកហាត់កន្លងមក លោករំពឹងថា កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតជើងឯកអាស៊ីនេះ។
សូមបញ្ជាក់ថា ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកអាស៊ីលើកទី១៤ ឆ្នាំ២០២២ ដែលថៃធ្វើម្ចាស់ផ្ទះនេះនឹងធ្វើដំណើរការប្រកួតពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ដោយមានអត្តពលិកមកពី ១២ប្រទេសចូលរួម។ ការប្រកួតនេះត្រូវបានចាត់ទុកជាឱកាសវាស់ស្ទង់ និងបង្កើតនសមត្ថភាព បច្ចេកទេសសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា