បាល់ទាត់៖ តើពិតជាដល់ផ្លូវបំបែកប្រាកដហើយសម្រាប់ Cristiano Ronaldo និង Manchester United? នេះជាសំណួរដែលត្រូវបានចោទឡើងពីមជ្ឈដ្ឋានបាល់ទាត់ តែចម្លើយក៏ត្រូវបានគិតថាមិនពិបាកឆ្លើយដែរ គឺពិតប្រាកដណាស់ថា ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះនឹងមិនត្រលប់មកកាន់ក្លិប ដែលគេធ្លាប់ជោគជ័យពីមុនឡើយ។
រូបស្ទីកឃ័របិទទាំងផ្ទាំងនៅលើកញ្ចក់នៃកីឡដ្ឋាន Old Trafford ត្រូវបានបកចេញជាផ្លូវការដែលអាចបញ្ជាក់ច្បាស់ថា Ronaldo នឹងមិនត្រលប់មកកាន់ Old Trafford វិញឡើយបើទោះជាកិច្ចសន្យានៅសល់ដល់ដំណាច់រដូវកាលក្តី។ ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មួយចំនួនបានបញ្ចេញមតិស្រដៀងគ្នាថា Ronaldo នឹងមិនត្រលប់មកវិញទេ ព្រោះគាត់បានធ្វើរឿងដែលមិនគួរធ្វើ អ្នកអាចរិះគន់នរណាម្នាក់ដែលអ្នកមិនពេញចិត្តបាន តែនេះគឺជាការរិះគន់ក្លិបទាំងមូល ដែលក្នុងគំនិតគាត់គ្មានអ្វីប្រសើរសោះសម្រាប់ក្លិបដែលគាត់ធ្លាប់រួមរស់។ ជាក់ស្តែងណាស់ Man United មិនត្រូវការគាត់ទៀតទេ អ្នកចាត់ការ Erik ten Hag កំពុងធ្វើអ្វីដែលត្រឹមត្រូវ និងបន្តដំណើរទៅមុខទៀតមិនអាចបកក្រោយ។
ចំណែកឯអ្នកគាំទ្រម្នាក់ក្នុងចំណោមនោះបាននិយាយថា គាត់ជាអ្នកគាំទ្រ Ronaldo តែសង្កត់ធ្ងន់ថា Ronaldo គួរតែនិយាយរិះគន់ម្ចាស់ក្លិបគ្រួសារ Glazers គឺជារឿងត្រឹមត្រូវបំផុត តែអ្វីដែលគាត់បាននិយាយគឺប្រកាសសង្គ្រាមជាមួយក្លិបខ្លួនឯង ទាំងខ្លួនមិនទាន់ផុតកុងត្រានៅឡើយ។ រំលឹកថា កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក Piers Morgan ជាមួយនឹងការលាតត្រដាង បកអាក្រាតរឿងអវិជ្ជមានជាច្រើនរបស់ Manchester United ដែលរួមទាំងការរិះគន់អ្នកចាត់ការ Ralf Rangnink, Erik ten Hag ម្ចាស់ក្លិបគ្រួសារ Glazers ជាដើម៕
អត្ថបទ៖នាង សុភាវុធ