ប្រដាល់សកល៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ដែលជាអង្គភាពក្រោមចំណុះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមអាជីពរយៈពេល ២ថ្ងៃនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីដុសខាតសមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជា ឈានទៅរកការទទួលស្គាល់ពីស្ថាប័នកីឡាប្រដាល់សកលអាជីពអន្ដរជាតិ(WBC)។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានគណៈកម្មការប្រដាល់អាជីពកម្ពុជាបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាម ១០រូបចូលរួមក្រោមការបង្រៀនរបស់គ្រូឧទ្ទេសលោក SHOZO KATAYAMA មកពីស្ថាប័នប្រដាល់សកលអាជីពជប៉ុន។ លោកថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជ្ញាកណ្ដាល-ចៅក្រមកម្ពុជា ក៏ដូចជាការបំពេញតម្រូវការរបស់ស្ថាប័នអន្ដរជាតិ ដើម្បីអាចចូលជាសមាជិក WBC នាថ្ងៃអនាគត។
គួរដឹងថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សកលអាជីពនេះគឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកាស្អែកនេះក៏នឹងមានរៀបចំការប្រកួតប្រដាល់សកលអាជីព Ultimate Pro Boxing 2022 ដែលមានការចូលរួមពីកីឡាករជម្រើសជាតិ ក៏ដូចជាអ្នកប្រដាល់សកលអាជីពកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យសិក្ខាកាមបានអនុវត្តផ្ទាល់ក្នុងតួនាទីជាអាជ្ញាកណ្ដាល-ចៅក្រមរបស់ខ្លួនផងដែរ៕
អត្ថបទ៖ លី ឈុនឡា