អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា ព័ត៌មានត្រូវបានបង្កើតឡើងសម្រាប់ដំណើរការស៊ើបអង្កេត លើករណីមីស៊ីលដែលបានធ្លាក់នៅក្នុងប្រទេសប៉ូឡូញ។ យើងខិតខំបង្កើតព័ត៌មានលម្អិតរាល់ការពិត។

លោក Zelenskyy បាននិយាយក្នុងអំឡុងសុន្ទរកថារបស់លោកថា យើងបានផ្តល់ព័ត៌មានទៅដល់ដៃគូរបស់យើងតាំងពីពេលយប់ ចាប់តាំងពីម៉ោងដំបូង នៅពេលដែលពិភពលោកចាប់ផ្តើមស៊ើបអង្កេតនូវអ្វីដែលបានកើតឡើង។ ប៉ូឡូញ និងសម្ព័ន្ធយោធាណាតូបាននិយាយកាលពីថ្ងៃពុធថា មីស៊ីលនេះត្រូវបានបាញ់តាមស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយពុំមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ដែលនេះបានបន្ធូរបន្ថយការព្រួយបារម្ភជាអន្តរជាតិថា សង្គ្រាមអាចរាលដាលនៅទូទាំងព្រំដែន។ ឧបទ្ទវហេតុនេះបានកើតឡើងកាលថ្ងៃអង្គារ ខណៈរុស្ស៊ីកំពុងបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន ដោយកំណត់គោលដៅបណ្តាញថាមពល និងធ្វើឱ្យដាច់ចរន្តអគ្គិសនីសម្រាប់ប្រជាជនរាប់លាននាក់ ជាអ្វីដែលទីក្រុង Kyiv និយាយថា គឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតក្នុងសង្គ្រាមរយៈពេល ៩ខែមកនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា លោកគ្មានមន្ទិលសង្ស័យទាល់តែសោះថា ការផ្ទុះដែលបានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់នៅប្រទេសប៉ូឡូញ ពុំមែនបង្កឡើងដោយមីស៊ីលរបស់អ៊ុយក្រែនទេ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kyiv ថា លោកគ្មានការសង្ស័យនោះទេថា វាមិនមែនជាមីស៊ីលរបស់យើង។ នៅពេលសួរអំពីលទ្ធភាពនៃការចរចាជាមួយរុស្ស៊ី លោក Zelenskiy បាននិយាយថា រុស្ស៊ីមិនបានផ្តល់ការចរចាសន្តិភាពណាមួយដល់ទីក្រុង Kyiv ឡើយ។ លោកនិយាយថា ពួកគេមិនបានទាក់ទងជាមួយយើងទេ៕
អត្ថបទ៖ ប៊ុនថន