ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យ ហៅកាថា (គ.ស.ហ) បានរំពឹងថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) នឹងដកកម្ពុជាចេញពីបញ្ជីប្រផេះ បន្ទាប់ពីអង្គការនេះ បាន ចុះមកត្រួតពិនិត្យដោយផ្ទាល់នៅកម្ពុជា នាខែមករា ឆ្នាំ២០២៣ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ការសម្រេចរបស់FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយ នៃបេសកកម្មរបស់ ភាគីទាំងអស់» ។
សម្ដេចក្រឡាហោម បានបបញ្ជាក់ថា ការចុះពិនិត្យនេះ គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខណ្ឌ នៃនីតិវិធីរបស់FATF មុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ។
សម្ដេចក្រឡាហោម បានបន្ថែមថា ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ គឺជាកិច្ចការដ៏មាន សារសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ និងដោយសារការ ចុះធ្វើអធិការកិច្ចនេះ គឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំ បាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំ ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយ ដ៏មានសារសំខាន់នេះ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា «កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី វាយតម្លៃអំពីលទ្ធផល នៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ (FATF) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះ របស់FATFនាពេលខាងមុខ»។
សម្ដេចក្រឡាហោម បានរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពី FATF បានសម្រេចលើរបាយការណ៍ជុំទី៩របស់កម្ពុជា នាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធទាំងអស់ នៅកម្ពុជា បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារ ដែលនៅ សេសសល់បានកាន់តែល្អ ៕ អត្ថបទ៖ បាន ចក់








