UN៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីថ្ងៃពុធបានរិះគន់រុស្ស៊ី នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការវាយប្រហារដោយមីស៊ីលលើប្រទេសអ៊ុយក្រែនក្នុងកិច្ចប្រជុំ មួយថ្ងៃបន្ទាប់ពីមីស៊ីលដែលអង្គការណាតូបាននិយាយថា ជាការបាញ់តាមស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានធ្លាក់នៅក្នុងប្រទេសប៉ូឡូញ។

សម្ព័ន្ធយោធា NATO និងសមាជិកប៉ូឡូញនិយាយថា មីស៊ីលនេះគឺជាការបាញ់តាមស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ ដែលជាការបន្ធូរបន្ថយការព្រួយបារម្ភរបស់អន្តរជាតិថា សង្គ្រាមអាចរីកកាន់តែធំឡើង។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបដិសេធដោយនិយាយថា គ្មានការសង្ស័យទាល់តែសោះថា មីស៊ីលនោះពុំមែនជាមីស៊ីលរបស់អ៊ុយក្រែនទេ។ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា សោកនាដកម្មនេះមិនដែលកើតឡើងនោះទេ បើពុំមានការឈ្លានពានមិនចាំបាច់របស់រុស្ស៊ីមកលើអ៊ុយក្រែន និងការវាយលុកដោយមីស៊ីលនាពេលថ្មីៗនេះ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។
លោកស្រី Thomas-Greenfield និយាយថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួនដោយការបាញ់ស្ទាក់ចាប់។ ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំអង្គការសហប្រជាជាតិបានគាំទ្រសេចក្តីថ្លែងការណ៍ថា ការឈ្លានពានរបស់រុស្ស៊ីនៅទីបំផុតត្រូវបានដាក់កំហុសចំពោះការផ្ទុះនៅប្រទេសប៉ូឡូញ។ សមាជិកក្រុមប្រឹក្សាសន្តិសុខនៅក្នុងកិច្ចប្រជុំ បានអំពាវនាវឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ៕
អត្ថបទ៖ ប៊ុនថន